រដ្ឋធានីរបស់ប្រទេសហៃទី អំពើហិង្សាដែលកើតចេញពីក្រុមជនអន្ធពាលចេះតែកើនឡើង

ហៃទី៖ ក្នុងរដ្ឋធានីរបស់ប្រទេសហៃទី ស្នូរកាំភ្លើងបានលាន់ឮនៅតាមដងផ្លូវនានា កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុងព័រ អូប្រាំង (Port-au-Prince) បានធ្លាក់ចូលក្នុងស្ថានភាពនៃការបិទខ្ទប់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងអំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏រ៉ាំរ៉ៃរបស់ប្រទេសនេះ។

ពេលជាមួយគ្នានេះ អ្នកស្រុកខ្លះ បានបង្ខំចិត្ដរកកន្លែងពួនសំងំ និងខ្លះទៀត ត្រូវបានគេឃើញស្ថិតនៅតាមផ្លូវកំពុងរត់គេចដោយនាំទៅជាមួយនូវរបស់របនៅក្នុងដៃរបស់ពួកគេ។

អ្នកស្រុកម្នាក់ បានប្រាប់អ្នកសារព័ត៌មាន Reuters ថា នាងមិនមានផ្លូវណាទៅទៀតទេ ខណៈក្រុមអន្ធពាលប្រដាប់អាវុធ បានចូលកាន់កាប់ផ្ទះរបស់នាង។ ផ្លូវជាច្រើនត្រូវបានបិទខ្ទប់ជាមួយនឹងការដុតសំបកកង់រថយន្ដ និងដុំថ្មជាច្រើន ហើយនិងមានផ្សែងខ្មៅដ៍ច្រើនហុយឡើងទៅលើមេឃនៅទូទាំងក្រុងទៀតផង យោងតាមសាក្សីនានា បានប្រាប់អ្នកសារព័ត៌មាន Reuters ផងដែរ។

អំពើហិង្សា បានកើនឡើងរយៈជាច្រើនខែមកហើយ ខណៈការប្រយុទ្ធរបស់ក្រុមជនអន្ធពាលដើម្បីអំណាច និងបានព្យាយាមដាក់សម្ពាធលើនាយករដ្ឋមន្រ្ដីស្ដីទី លោកអារៀល ហិនរី (Ariel Henry)នៅមុនកិច្ចព្រមព្រៀងនយោបាយដែលពង្រឹងអំណាចនយោបាយរបស់លោក ផុតកំណត់នៅថ្ងៃទី៧កុម្ភៈខាងមុខ។ ពុំមានកាលបរិច្ឆេទថ្មីត្រូវបានកំណត់សម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មីទេ។

អំពើហិង្សា បានកើតឡើងនេះ នៅមុនពេលសេក្ដីសម្រេចមួយរបស់តុលាការនៅថ្ងៃទី២៦មករាដែលបានរំពឹងទុកស្ដីពីកម្លាំងពហុជាតិ ដែលដឹកនាំដោយប្រទេសកេនយ៉ា ដើម្បីបង្រ្កាបអំពើហិង្សានៅក្នុង
ប្រទេសហៃទី៕