សម្តេចធិបតី និងលោកជំទាវបានបញ្ចប់ការងារនៅប្រទេសស្វីស និងបន្តទស្សនកិច្ចផ្លូវការនៅបារាំង
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត កាលពីវេលាម៉ោងប្រមាណ ៨ យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង ២ ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងប្រកបដោយសុខសុវត្ថិភាពដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង។
ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធីការរបស់បារាំង ព្រមទាំងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសបារាំង គឺនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ ២០២៤នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចធិបតីនឹងត្រូវទទួលស្វាគមន៍ និងមានជំនួបផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះនឹងផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការសកម្មភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំងផងដែរ។
សូមបញ្ជាក់ថា នាអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្វីសសម្តេចធិបតី នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត បានអញ្ជើញបំពេញការងារនៅប្រទេសស្វីសរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ និង១៧ ខែមករា ឆ្នាំ ២០២៤នេះ។ ការងារស្នូលនៅក្នុងប្រទេសស្វីស គឺការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ក៏បានឆ្លៀតជួបជាមួយនាយករដ្ឋមន្ត្រីថៃ វៀតណាម មេដឹកនាំអង្គការអន្តរជាតិនានា មេដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមេដឹកនាំក្រុមហ៊ុននានា សរុបដល់ទៅជាង ២០ កម្មវិធី៕