ខែក្រោយនេះ អតីតនាយករដ្ឋមន្ត្រីថៃ ដែលជាប់ពន្ធនាគាមានការដោះលែង
ថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការដោះលែងឲ្យនៅក្រៅឃុំ នៅខែក្រោយ ដោយសារតែវ័យ និងសុខភាពរបស់លោក បើតាមមន្ត្រីនាយកដ្ឋានកែប្រែបានឲ្យដឹងកាលពីថ្ងៃពុធ ទី១៧ ខែមករា កន្លងមកនេះ។
កាលខែសីហា ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ ដើម្បីអនុវត្តការកាត់ទោសរយៈពេល ៨ឆ្នាំពីបទរំលោភអំណាច លោកមហាសេដ្ឋី ថាក់ស៊ីន វ័យ ៧៤ឆ្នាំ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានជំងឺលើសឈាម និងថប់ទ្រូង ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការវិលត្រឡប់មកប្រទេសថៃវិញ ។
បន្ទាប់ពីមានព្រះរាជលើកលែងទោសពីព្រះមហាក្សត្រ ទោសរបស់លោកត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល ១ឆ្នាំ ។ នាយកដ្ឋានកែប្រែកាលពីសប្តាហ៍មុន បានឲ្យរូបលោកបន្តស្នាក់នៅក្នុងមន្ទីរពេទ្យនគរបាល ដោយលើកឡើងពីភាពចាំបាច់ ក្នុងការតាមដានសុខភាពរបស់គាត់។
ក្នុងការឆ្លើយតបទៅនឹងសំណួរមួយ ដែលសួរថា តើលោក ថាក់ស៊ីន អាចនឹងត្រូវបានដោះលែងនៅក្នុងខែកុម្ភៈដែរ ឬទេ អគ្គនាយករងនៃនាយកដ្ឋានកែប្រែ លោក Sitthi Sutivong (សិទ្ធី ស៊ូទីវង្ស) បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ «ផ្អែកលើលក្ខណៈវិនិច្ឆ័យ លោក ថាក់ស៊ីន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការលើកលែងទោសពិសេស»។
គួររំលឹកថា លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០០៦ ហើយគឺជាចំណុចសំខាន់ចម្បងនៃភាពចលាចលរយៈពេល ១៧ឆ្នាំ ក្នុងប្រទេសថៃ ដែលមានឥទ្ធិពលលើនយោបាយពីការនិរទេសខ្លួនរបស់លោក៕