ជុំវិញការអត្ថាធិប្បាយរបស់ប្រធានាធិបតី អំពីកោះតៃវ៉ាន់ ចិន កោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន ព្រមានកុំប្រលែងលេងនឹងភ្លើង
ចិន៖ បន្ទាប់ពីប្រធានាធិបតីលោកហ្វឺឌីណានម៉ាកូសជូនៀរ( Ferdinand Marcos Jr) បានអបអរសាទរលោក ឡៃ ឈីង ទ (Lai Ching-te) ចំពោះជ័យជម្នះការបោះឆ្នោតក្លាយជាមេដឹកនាំរបស់កោះតៃវ៉ាន់ ប្រទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតមកពីប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ដោយបានព្រមានប្រទេសនេះ កុំឱ្យលេងជាមួយភ្លើង ។
លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយដោយសំដៅលើលោក ម៉ាកូស (Marcos)ដែលបានអបអរសាទរលោក Lai កាលពីថ្ងៃចន្ទ សម្រាប់ការឈ្នះការបោះឆ្នោតរបស់កោះតៃវ៉ាន់ និងសំដៅទៅលើរូបលោកជាមេដឹកនាំបន្ទាប់របស់កោះនេះ ថាចិន ខកចិត្តយ៉ាងខ្លាំង និងជំទាស់ដាច់ខាតចំពោះការអត្ថាធិប្បាយទាំងនោះ ។
ការអត្ថាធិប្បាយពាក់ព័ន្ធទៅនឹងលោកប្រធានាធិបតីម៉ាកូស អ្នកនាំពាក្យលោកស្រីម៉ៅ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការប្តេជ្ញាចិត្តខាងនយោបាយដែលធ្វើឡើងដោយប្រទេសហ្វីលីពីនចំពោះភាគីចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
លោកស្រីម៉ៅ បានបន្តថា ប្រទេសចិនតវ៉ាយ៉ាងខ្លាំងចំពោះហ្វីលីពីន នៅឱកាសដំបូងបំផុតហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ ដើម្បីផ្តល់ការពន្យល់ប្រកបដោយការទទួលខុសត្រូវ ចំពោះប្រទេសចិន។
យើងស្នើឱ្យប្រធានាធិបតីម៉ាកូស អានសៀវភៅបន្ថែមទៀត ដើម្បីយល់ឱ្យបានច្បាស់ពីបញ្ហាខាងក្នុង និងខាងក្រៅ នៃកោះតៃវ៉ាន់ កំណត់ការសន្និដ្ឋានត្រឹមត្រូវ។ ក្រសួងការបរទេសហ្វីលីពីននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ បានអះអាងជាថ្មីអំពី គោលនយោបាយចិនតែមួយ របស់ប្រទេសនេះ ហើយបាននិយាយថាសាររបស់លោកម៉ាកូស មានបំណងទទួលស្គាល់ ផលប្រយោជន៍រួម របស់ហ្វីលីពីន និងកោះតៃវ៉ាន់ រួមទាំងកម្មករហ្វីលីពីននៅបរទេស (OFWs) ចំនួន ២០០.០០០ នាក់ នៅក្នុងកោះស្វ័យគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យមួយនេះ៕