Gravity-1 រ៉ុក្កែតពាណិជ្ជកម្មកម្លាំងខ្លាំងបំផុត បាញ់បង្ហោះជោគជ័យ
Gravity-1 បានបាញ់បង្ហោះរ៉ុក្កែតឥន្ធនៈរឹង ដែលមានកម្លាំងរុញច្រាន 600 តោន ចេញពីតំបន់សមុទ្ររបស់ខេត្តសានទុង (Shandong) ប្រទេសចិនដោយជោគជ័យ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ។
Gravity-1 ក្នុងជើងហោះហើរដំបូង ដែលអភិវឌ្ឍដោយក្រុមហ៊ុនអវកាសពាណិជ្ជកម្មចិន Orienspace បាននាំយកផ្កាយរណបឧតុនិយម Yunyao-1 ចំនួន 3 គ្រឿង ឡើងទៅកាន់គន្លងតារាវិថីដោយជោគជ័យ។ ការសម្រេចបាននេះបានជួយឱ្យ Gravity-1 ក្លាយជារ៉ុក្កែតពាណិជ្ជកម្មដែលមានកម្លាំងខ្លាំងបំផុតរបស់ប្រទេសចិន និងជារ៉ុក្កែតដែលប្រើប្រាស់ឥន្ធនៈរឹងដែលមានកម្លាំងខ្លាំងបំផុត ដែលធ្លាប់បានទទួលជោគជ័យក្នុងបេសកកម្មអវកាស។
Gravity-1 មានកម្ពស់ប្រហែល 30 ម៉ែត្រ ជាមួយទម្ងន់គឺប្រហែល 400 តោន និងមានសមត្ថភាពរុញច្រាន 600 តោន។ វាអាចនាំយកទម្ងន់ផ្ទុកប្រហែល 6,500 គីឡូក្រាមឡើងទៅកាន់គន្លងតារាវិថីផែនដីកម្រិតទាប (LEO) ឬ 4,200 គីឡូក្រាមឡើង ទៅកាន់គន្លងតារាវិថីសមកាលកម្មព្រះអាទិត្យ (Sun Synchronous Orbit – SSO) ដែលមានកម្ពស់ពីផែនដីប្រហែល 500 គីឡូម៉ែត្រ។
Gravity-1 អាចនាំយកផ្កាយរណប 30 គ្រឿង ដែលក្នុងមួយគ្រឿងៗមានទម្ងន់ 100 គីឡូក្រាម ឡើងទៅកាន់គន្លងតារាវិថីកម្រិតទាប និងមធ្យម។
រ៉ុក្កែតនេះមានបីជាន់សំខាន់ៗ និងប្រព័ន្ធរុញច្រានចំនួនបួន ដែលទាំងអស់សុទ្ធតែទទួលបានថាមពលពីម៉ូទ័រឥន្ធនៈរឹង បើឲ្យដឹងតាម Orienspace ។ ក្រុមហ៊ុនផលិតនិយាយថា ម៉ូទ័ររបស់ជាន់ទីបីអាចត្រូវបានផ្លាស់ប្ដូរដោយម៉ាស៊ីនម៉ាស៊ូត kerosene និងអុកស៊ីសែន ដើម្បីបង្កើនកម្លាំងដឹកជញ្ជូន៕