ប្រមុខដឹកនាំកំពូលសហរដ្ឋអាមេរិកថា មិនគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ទេ
អាមេរិក៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី១៣ មករា ថា សហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ បន្ទាប់ពីអ្នកបោះឆ្នោតតៃវ៉ាន់បានច្រានចោលភាពមិនពេញចិត្តរបស់ប្រទេសចិន និងបានផ្តល់ឱ្យគណបក្សកាន់អំណាចនូវអាណត្តិមេដឹកនាំទីបី។
នៅព្រឹកថ្ងៃដដែលនោះ បេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោត ដោយបានច្រានចោលយ៉ាងខ្លាំងនូវសម្ពាធរបស់ចិន ក្នុងការព្យាយាមមិនឲ្យលោកកាន់តំណែង ហើយបានសន្យាថានឹងក្រោកឈរតទល់នឹងទីក្រុងប៉េកាំង ព្រមទាំងស្វះស្វែងរកការចរចា។
លោក បៃដិន បាននិយាយ នៅពេលត្រូវសាកសួររកប្រតិកម្មរបស់លោកចំពោះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថា «យើងមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ» ដែលការលើកឡើងរបស់លោក កាលពីថ្ងៃសៅរ៍នេះហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ទីក្រុងប៉េកាំងឡើងវិញ។
សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិ ទៅទីក្រុងប៉េកាំង ក្នុងឆ្នាំ១៩៧៩ ហើយបាននិយាយជាយូរមកហើយថាខ្លួនមិនគាំទ្រការប្រកាសឯករាជ្យជាផ្លូវការដោយកោះតៃវ៉ាន់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកបានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះស្វ័យគ្រប់គ្រងមួយនេះ ហើយនៅតែជាអ្នកគាំទ្រដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ផងដែរ៕