ពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ា នៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ទាមទារបទឈប់បាញ់នៅហ្កាហ្សា

បរទេស៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ មនុស្សរាប់ម៉ឺននាក់បានដើរតាមដងផ្លូវ កាលពីថ្ងៃទី១៣ ខែមករា ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ នៅក្នុងតំបន់ហ្កាហ្សា ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ខិតជិតដល់ថ្ងៃទី១០០ របស់ខ្លួន។

យុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីន (PSC) ដែលជាអ្នករៀបចំដ៏សំខាន់បាននិយាយថា បាតុកម្មនេះគឺជាផ្នែកមួយនៃ «ទិវាពិភពលោកនៃសកម្មភាពសម្រាប់ប៉ាឡេស្ទីន» ដែលមានការចូលរួមពីប្រទេសចំនួន៣០។ ក្រុមអ្នកតវ៉ានៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ពួកគេមិនចង់ឃើញការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ហ្កាហ្សានោះទេ ប៉ុន្តែចង់ឲ្យមានការបន្ធូរបន្ថយនៃការប្រយុទ្ធ និងបទឈប់បាញ់។

នៅទីក្រុងឡុងដ៍ បាតុករជាច្រើនបានទប់ទល់នឹងភាពត្រជាក់ខ្លាំងក្នុងរដូវរងា ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាជនប៉ាឡេស្ទីន។ ពួកគេបានដើរដង្ហែទៅកាន់វិមាន វេសមីនស្ទើ (Westminster) ដែលជាកន្លែងប្រជុំរបស់សភាអង់គ្លេស ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្នុងការអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា។

ក្រសួងសុខភាព ដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៤.០០០នាក់។ ប្រជាជនចំនួន ១,៩៣លាននាក់នៅហ្កាហ្សាត្រូវបានផ្លាស់ទីលំនៅដែលស្មើនឹង ៨៥ភាគរយនៃចំនួនប្រជាជនសរុបនៃតំបន់ហ៊ុមព័ទ្ធមួយនេះ៕