ឆ្នាំ២០២៣ ការងារវិស័យទឹកស្អាត និងអនាម័យជនបទ ខេត្តពោធិ៍សាត់សម្រេចបានជិត ៩០%
ពោធិ៍សាត់៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ដោយក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ហៅកាត់ថា (PWG) ។
លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំនេះ និងដោយមានការចូលរួមពីលោក ខែម សុខុន ប្រធានសម្របសម្រួលអង្គការដៃគូរ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋបាលក្រុង-ស្រុកតាំង៧ តំណាងអង្គការនានាជាសមាជិក (PWG) និងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលពីការអនុវត្តន៍ ការទទួលខុសត្រូវការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទក្នុងខេត្តពោធិ៍សាត់ រួមនិងនិងការចែករំលែកបទពិសោធន៍ ពិភាក្សាពិគ្រោះយោបល់លើផលប៉ះពាល់អវិជ្ជមាន នៃកង្វះការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទក្នុងខេត្តពោធិ៍សាត់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចអោយបាននូវទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានកាតផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យប្រើប្រាស(១០០%)ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។
យោងតាមរបាយការណ៍របស់លោក លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋាន(PWG) បានអោយដឹងថា សម្រាប់ក្នុងឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ និងក្រុមលេខាធិការដ្ឋាន (PWG) ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទជាសេនាធិការ សម្រេចបានលទ្ធផលសរុបរួមក្នុងខេត្តពោធិ៍សាត់ លើវិស័យផ្គត់ផ្គង់ទឹកស្អាតបាន៨៧,១៤ភាគរយ និងវិស័យអនាម័យជនបទបាន៨៤ភាគរយ ។
លោក ឡាយ វិសិដ្ឋ ក្នុងនាមប្រធានក្រុមការងារ(PWG)ខេត្តពោធិ៍សាត់ បានលើកឡើងថា មូលដ្ឋានភូមិ-ឃុំមួយចំនួនក្នុងខេត្តស្ថិតក្នុងតំបន់ភ្នំ និងនៅលើផ្ទៃទឹកដែលមានឧបសគ្គជាច្រើនក្នុងការអនុវត្តការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ដូចនេះក្រុមការងារ(PWG) មន្ទីរពាក់ព័ន្ធ អង្គការដៃគូរ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបន្តធ្វើការសហការគ្នាយកចិត្តទុកដាក់ដោះស្រាយ ដើម្បីសម្រេចអោយបានតាមផែនការយុទ្ធសាស្ត្រជាតិ ។ ក្នុងនោះដែរក្នុងឆ្នាំ២០២៤ យើងនឹងសម្រេចអោយបាន ស្រុកតាលោសែនជ័យ ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាល ហើយក្នុងឆ្នាំ២០២៥ នឹងសម្រេចអោយបាន ស្រុកភ្នំក្រវាញ ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាល ៕