ការបន្តស្នាក់ នៅមន្ទីរពេទ្យរបស់លោក ថាក់ស៊ីន ប្រធានពន្ធនាគារ ក្នុងប្រទេសថៃ សន្យាឆ្លើយគ្រប់សំណួរទាំងអស់ ស្របអ្នកប្រឆាំងមានគម្រោងធ្វើបាតុកម្មនៅវិមានរដ្ឋាភិបាល នៅល្ងាចថ្ងៃសុក្រ

ថៃ៖ កាលពីថ្ងៃអង្គារកន្លងមកនេះ ប្រធានពន្ធនាគារក្នុងប្រទេសថៃ បានសន្យាថា នៅសប្តាហ៍ក្រោយលោកនឹងឆ្លើយសំណួរទាំងអស់ អំពីការបន្តការស្នាក់នៅរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានៅក្នុងមន្ទីរពេទ្យប៉ូលីសទូទៅ។

លោក សាហាកា ផេតណារិន អគ្គនាយកនៃនាយកដ្ឋានកែប្រែ ថា លោកត្រូវការពេលពីរបីថ្ងៃទៀត ដើម្បីប្រមូលព័ត៌មានអំពីស្ថានភាពរបស់លោកថាក់ស៊ីន ដែលផ្តល់ដោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យពន្ធនាគារ និងនៅមន្ទីរពេទ្យទូទៅ នេះយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ។

បន្ទាប់មក លោកនឹងអាចរាយការណ៍អំពីជំងឺ និងលក្ខខណ្ឌនានា ដែលធ្វើឲ្យលោកថាក់ស៊ីន ស្នាក់នៅមន្ទីរពេទ្យទូទៅ ចាប់តាំងពីថ្ងៃទី ២២ ខែសីហា។ ប្រធានពន្ធនាគាររូបនេះ បានបន្តថា “វាយឺតពេល ដោយសារដំណើរការនេះ ទាមទារឱ្យមានការជួបជាមួយគ្រូពេទ្យ។ នៅសប្តាហ៍ក្រោយ នាយកដ្ឋានកែប្រែ នឹងពន្យល់លម្អិតអំពីបញ្ហានេះ ហើយសំណួរដែលលើកឡើងដោយប្រជាពលរដ្ឋ គឺនឹងត្រូវឆ្លើយ” ។

អ្នកដែលប្រឆាំងនឹងការបន្តស្នាក់នៅមន្ទីរពេទ្យរបស់លោក ថាក់ស៊ីន បានប្រកាសពីគម្រោងធ្វើបាតុកម្ម នៅវិមានរដ្ឋាភិបាលនាល្ងាចថ្ងៃសុក្រស្អែកនេះ។

លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ បានវិលត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហា បន្ទាប់ពីបាននិរទេសខ្លួនឯង ១៥ ឆ្នាំ ។ លោក ថាក់ស៊ីន ត្រូវបានកាត់ទោស ហើយក្រោយមកត្រូវបានកាត់ទោសដោយកំបាំងមុខ ពីបទពុករលួយ និងបំពានអំណាច ពេលលោកកាន់តំណែងមុនរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦។

លុះមកដល់ថ្ងៃទី ២២ ខែសីហា ពេលមកដល់ប្រទេសថៃ លោកថាក់ស៊ីន ត្រូវបានឃុំខ្លួន និងនាំខ្លួនទៅតុលាការ ហើយនៅថ្ងៃដដែលនោះ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ក្រោយមកបានកាត់បន្ថយមកត្រឹមមួយឆ្នាំ ដោយព្រះរាជក្រឹត្យបន្ថូរបន្ថយទោស៕