នាពេលឆាប់ៗខាងមុខ៖ ប្រធានសមាគមជប៉ុន-កម្ពុជា ជម្រាបសម្ដេចតេជោថានឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា

ជប៉ុន៖ សម្តេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម ក្នុងពិធីពិសារអាហារពេលល្ងាចនៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤។

ឯកឧត្តមឯកអគ្គរាជទូតបានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយពេលទទួលជួបឯកឧត្តម និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ ឯកឧត្តមបានសំដែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។

ជំនួបនេះផ្តោតជាសំខាន់លើ ការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា សមាគមនឹងបើកការិយាល័យរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពីសក្ដានុ-ពលវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។

ឯកឧត្តមមានប្រសាសន៍ថា ហេតុនេះប្រសិនបើយើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិ-យោគនៅកម្ពុជា។ នៅក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បានបង្ហាញឆន្ទៈក្នុងការបើកសាលាបណ្ដុះបណ្ដាលជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាលអំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និងរីករាយស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែលសម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕