សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលយកការអញ្ជើញរបស់ប្រធានាធិបតីបារាំង និងប្តេជ្ញាចិត្តពិភាក្សា ពង្រឹងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៣នេះ បានចេញលិខិតទទួលយកការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ ខណៈប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេដែលសម្តេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការបន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលចុងខែសីហា ឆ្នាំ២០២៣។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«ខ្ញុំសូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរគុណឯកឧត្តមដែលបានអញ្ជើញខ្ញុំ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ខាងមុខនេះ។ នេះជាកិត្តិយសដ៏ធំធេង ហើយខ្ញុំសូមទទួលយកឱកាសនេះ ជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងទាំងពីរ»។

សម្ដេចធិបតីមានប្រសាសន៍ថា ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីសនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូរវាងប្រជាជាតិយើងទាំងពីរ។ ក្នុងការបន្តនូវសន្ទុះនេះ ទស្សនកិច្ចរបស់សម្ដេចមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់ត ស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗ ដោយផ្តោតជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន នាពេលបច្ចុប្បន្ន ជាពិសេស បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅលើពិភពលោក។

ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយ ចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្ដី។

សម្ដេចធិបតីបន្តថា៖ «ខ្ញុំជឿជាក់ថា ការពិភាក្សារបស់យើងនឹងរួមចំណែកឱ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំ មកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសយើងទាំងពីរ។ កម្ពុជាប្តេជ្ញាចិត្តនឹងបន្ត ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួលស្គាល់នូវសារៈសំខាន់នៃភាពជាដៃគូរបស់យើង សម្រាប់ ប្រជាជនរបស់យើង និងសម្រាប់សហគមន៍អន្តរជាតិ។ ខ្ញុំរង់ចាំជួប និងពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម។ សូម ឯកឧត្តមប្រធានាធិបតី មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។

សូមជម្រាបថាតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ប្រទេសបារាំង ជំនួបទ្វេភាគីនាពេលខាងមុខរវាងសម្តេចធិបតី និងឯកឧត្តម ប្រធានាធិបតី ម៉ាក្រុង គឺឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ព្រមទាំងរួមគ្នាដោះស្រាយការប្រឈមសកល និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់៕