បើករថយន្តលឿនជ្រុល បុរសម្នាក់ទៅបុកក្បាលនាគចែកទ្រូងផ្លូវ និងរថយន្តដឹកសំរាម ក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បើករថយន្ត Prius មួយគ្រឿងក្នុងល្បឿនលឿន ដោយបុរសម្នាក់ទើបតែចេញពីកម្មវិធី ក៏បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ជ្រុលហួសទៅបុករថយន្តដឹកសំរាមពីក្រោយ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវ កាលពីវេលាម៉ោង ០៣:០០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1397 បើកបរពីជើងទៅត្បូងក្នុងលឿន លុះដល់កន្លែងកើតហេតុ បានរេចង្កូតទៅបុកនៅក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកពីក្រោយនៃរថយន្តដឹកសំរាម បណ្ដាលឱ្យរថយន្តដាច់ក្រឡេកង់ ក្រឡាប់ផ្ងារជើងនៅពាក់កណ្ដាលផ្លូវតែម្តង តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឱ្យដឹង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារ បាននាំម្ចាស់រថយន្តបង្ក ទៅអធិការនគរបាលខណ្ឌលចង្វារ។ ចំណែកឯរថយន្តទាំងពីរគ្រឿង សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការវាល់វែងរួចស្ទូចយកទៅរក្សាទុក្ខរង់ចាំការដោះស្រាយនៅពេលក្រោយ៕