ប្រមុខដឹកនាំកំពូលរុស្ស៊ី យល់ព្រមផ្តល់សញ្ជាតិ ដល់ជនបរទេស ចុះឈ្មោះចូលបម្រើកង ទ័ពរបស់ប្រទេសរុស្ស៊ី

រុស្សី៖ នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ វិមានក្រឹមឡាំងបានរាយការណ៍ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី បានចុះហត្ថលេខាលើក្រឹត្យ ផ្តល់សិទ្ធិក្នុងការទទួលបានលិខិតឆ្លងដែន រុស្ស៊ីដល់ជនបរទេស ដែលចុះឈ្មោះចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសរុស្ស៊ី ឬអង្គភាពយោធាផ្សេងទៀត ក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន។

សមាជិកគ្រួសារ នៃជនបរទេសដែលចុះឈ្មោះចូលបម្រើ ក្នុងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសរុស្ស៊ី ឬអង្គភាពយោធាផ្សេងទៀត ក៏នឹងមានសិទ្ធិទទួលបានសញ្ជាតិរុស្ស៊ីផងដែរ នេះបើយោងតាមក្រឹត្យនេះ យោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។

លើសពីនេះ ច្បាប់ស្តីពី ការចូលសញ្ជាតិនឹងអនុវត្តចំពោះជនបរទេស ដែលត្រូវបានបណ្តេញចេញពីការបម្រើយោធា ក្នុងអំឡុងពេលប្រយុទ្ធ ដោយហេតុផលសុខភាព នៅពេលឈានដល់អាយុកំណត់ ឬផុតកំណត់ នៃកិច្ចសន្យារបស់ពួកគេ។

ពាក្យស្នើសុំធានា អត្តសញ្ញាណប័ណ្ណ សញ្ជាតិរុស្សីសម្រាប់ជនបរទេស នឹងត្រូវពិចារណា ក្នុងរយៈពេលមួយខែ បន្ទាប់ពីឯកសារ ពាក់ព័ន្ធត្រូវបានដាក់ជូនក្រសួងមហាផ្ទៃ ។ ពាក្យនេះអាចបន្តរហូតដល់បីខែ ក្នុងករណីដែលទិន្នន័យមួយចំនួនត្រូវការការផ្ទៀងផ្ទាត់បន្ថែម ៕