សម្តេចតេជោមានប្រសាសន៍ថា អ្នកប្រឆាំង ៧មករា និងទិវាសន្តិភាព គួរសាកល្បងធ្វើដំណើរទៅកាន់តំបន់គ្រោះថ្នាក់ចំការមីន នៅសេសសល់
ភ្នំពេញ៖ នៅមុខសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី៧មករានេះ ថ្លែងក្នុងមហាមិទ្ទីងដើម្បីរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១. ១៩៧៩ – ០៧.០១២០២៤) សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ចំពោះមនុស្សមួយចំនួន បើមិនពេញចិត្តប្រឆាំងនឹងថ្ងៃ៧មករា និងទិវាសន្តិភាព២៩ធ្នូ សូមធ្វើដំណើរទៅកាន់តំបន់ចំការមីន ដែលនៅសេសសល់ដើម្បីសាកល្បងប្រថុយនឹងគ្រោះថ្នាក់ទៅ បើសិនពួកគេពិតជាប្រឆាំងនឹងការាឈប់សំរាកថ្ងៃ៧មករា និងការឈប់សំរាកថ្ងៃ២៩ធ្នូ ជារៀងរាល់ឆ្នាំ។
សម្ដេចបន្តថា ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា រយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបប ប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ដែលពុំនឹកស្មានដល់ ជាពិសេស ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ កម្ពុជាដែលពីមុនកើតមាន សង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន,ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល៕