បន្ទាប់ពីរឿងអាស្រូវ លោក Adani ជាតិឥណ្ឌា ដណ្តើមបានវិញនូវកិត្តិនាមជាអ្នកមានបំផុតនៅអាស៊ី

ឥណ្ឌា៖ មហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានក្លាយជាអ្នកមានជាងគេបំផុតរបស់អាស៊ីជាថ្មីម្តងទៀត កាលពីថ្ងៃទី៥ ខែមករា នេះ ពោលគឺ ១ឆ្នាំបន្ទាប់ពីការចោទប្រកាន់ពីការបទបន្លំប្រតិបត្តិការទីផ្សារ បានប៉ះពាល់ដល់តម្លៃភាគហ៊ុនក្រុមហ៊ុនរបស់លោក នេះបើយោងតាមសន្ទស្សន៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងពីមហាសេដ្ឋីពិភពលោក ។

ក្រោយពីរបាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមហ៊ុនស្រាវជ្រាវវិនិយោគអាមេរិក Hindenburg Research ដែលចោទប្រកាន់ថា ក្រុមហ៊ុនក្លែងបន្លំសាជីវកម្ម «យ៉ាងឥតអៀនខ្មាស» ក្រុមហ៊ុន Adani Group បានបាត់បង់តម្លៃទីផ្សារជាង ១៥០ពាន់លានដុល្លារ ។

ជាមហាសេដ្ឋីលំដាប់ទី២ របស់ពិភពលោក ស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងដោយក្រុមគ្រួសារ ដែលនៅពីលើស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានឃើញទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកបាត់បង់ប្រហែល ៨០ពាន់លានដុល្លារ។ ប៉ុន្តែទាំងលោក Adani និងអាជីវកម្មរបស់លោក ចាប់តាំងពីពេលនោះមក បានកាត់បន្ថយការខាតបង់ច្រើនជាងមុន នៅពេលដែលការត្រួតពិនិត្យជាសាធារណៈ បានថមថយ។

សន្ទស្សន៍មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg បានបង្ហាញថា ទ្រព្យសកម្មសុទ្ធរបស់លោក Adani រកបានប្រហែល ៧,៧ពាន់លានដុល្លារ នៅសប្តាហ៍នេះ រហូតដល់ទៅ ៩៧,៦ពាន់លានដុល្លារ ដោយមានទ្រព្យសម្បត្តិច្រើនជាងតិចតួចលើមហាសេដ្ឋីរួមជាតិ គឺលោក Mukesh Ambani។ បើយោងតាមសន្ទស្សន៍នោះ បានបង្ហាញថា មហាសេដ្ឋីទាំង ២រូបនេះ គឺជាអ្នកមានជាងគេបំផុតលំដាប់ទី១២ និងទី១៣ នៅលើពិភពលោក។

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Adani Group ដែលបានចុះបញ្ជី បានហក់ឡើងក្នុងសប្តាហ៍នេះ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសឥណ្ឌា បានច្រានចោលញត្តិ ដែលស្វែងរកការពង្រីកនូវការស៊ើបអង្កេតលើការចោទប្រកាន់របស់ក្រុមហ៊ុនស្រាវជ្រាវ Hindenburg ដោយនិយាយថា ការស៊ើបអង្កេតដែលមានស្រាប់ដោយនិយតករទីផ្សារ គឺគ្រប់គ្រាន់ហើយ៕