បានចេញពីបន្ទប់ ICU ក្រោយត្រូវចាក់ដោយកាំបិត លើមេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង
កូរ៉េខាងត្បូង៖ លោក Lee Jae-myung ត្រូវបានធ្វើការវះកាត់ឲ្យដោយគ្រូពេទ្យម្នាក់ កាលពីថ្ងៃទី៤ ខែមករា បាននិយាយថា មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងកំពុងតែប្រសើរឡើងពីការវះកាត់ ដើម្បីជួសជុលតភ្ជាប់សរសៃវ៉ែនសំខាន់មួយ ដែលត្រូវបានដាច់ដោយសារការវាយប្រហារដោយកាំបិត កាលពី ២ថ្ងៃមុន។
ក្នុងសន្និសីទសារព័ត៌មាន លោកសាស្ត្រាចារ្យ Min Seung-kee ថា លោក Lee ទាមទារឲ្យមានការតាមដានបន្តទៀត ដោយសារតែរបួសសរសៃឈាមភ្ជាប់ទៅបំពង់កមានភាពស្មុគស្មាញ ក្នុងការជួសជុល ហើយផលប៉ះពាល់ក្រោយការវះកាត់ មិនអាចត្រូវបានបដិសេធនោះឡើយ។ លោក Min ដែលមកពីអង្គភាពវះកាត់សរសៃឈាមរបស់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល បាននិយាយថា៖ លោក Lee សំណាងល្អណាស់ បានប្រសើរឡើងវិញ»។
គួរបញ្ជាក់ផងដែរថា លោក Lee ត្រូវបានវាយប្រហារនៅទីក្រុង Busan ដោយបុរសម្នាក់វ័យជាង ៦០ឆ្នាំ ដែលបានបន្លំខ្លួនជាអ្នកគាំទ្រ ហើយបានចូលទៅកៀកលោក នៅឯព្រឹត្តិការណ៍សាធារណៈមួយ ដោយចាក់លោកចំកញ្ចឹងក ដោយកាំបិត។ ភ្លាមៗ ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
ការវាយប្រហារនេះបានធ្វើឲ្យភ្ញាក់ផ្អើលទូទាំងប្រទេស ហើយត្រូវបានថ្កោលទោសដោយគណបក្សរបស់លោក Lee និងគូប្រជែងរបស់គណបក្សដូចគ្នា។ ពេលនេះ មានការចោទសួរជាថ្មីអំពីសុវត្ថិភាពនៃអ្នកនយោបាយលេចធ្លោ ដោយពិចារណាអំពីប្រវត្តិនៃអំពើហិង្សានយោបាយរបស់ប្រទេសនេះ ទោះបីជាមានច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹងក៏ដោយ៕