អាកាសយានដ្ឋានក្នុងទីក្រុងតូក្យូ អ្នកដំណើរ និងអាកាសយានិកទាំងអស់ នៅលើយន្តហោះរបស់ JAL បានគេចផុតពីអគ្គិភ័យ
ជប៉ុន៖ ក្រុមហ៊ុនអាកាសចេណ៍ Japan Airlines មានយន្តហោះមួយគ្រឿង ត្រូវបានអណ្ដាតភ្លើងឆាបឆេះ នៅឯអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២ ខែមករា នេះ បន្ទាប់ពីមានការបុកគ្នាជាមួយនឹងយន្តហោះឆ្មាំល្បាតឆ្នេរសមុទ្រ ដោយក្រុមហ៊ុនអាកាសចរណ៍នេះ បានប្រាប់ថា អ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ៣៧៩នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាព។
យន្តហោះនេះបានផ្ទុះអណ្តាតភ្លើងឡើង ខណៈដែលវាបានរអិលធ្លាក់ចេញពីផ្លូវ បើទោះបីជាក្រុមជួយសង្គ្រោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងចំហេះនេះក៏ដោយ នេះបើតាមវីដេអូផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រដ្ឋ NHK បានបង្ហាញ ។
អង្គភាពឆ្មាំល្បាតសមុទ្រ បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើមូលហេតុ ដែលនាំឲ្យយន្តហោះរបស់ខ្លួន ទៅបុកជាមួយយន្តហោះដឹកអ្នកដំណើរនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា អាកាសយានិក ៥នាក់ ក្នុងចំណោមអាកាសយានិកទាំង ៦នាក់នៃយន្តហោះឆ្មាំឆ្នេរល្បាតសមុទ្រ មិនមានវត្តមានទេ ខណៈដែលម្នាក់ទៀតបានរត់គេចខ្លួន។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បាននិយាយថា យន្តហោះបានចាកចេញពីអាកាសយានដ្ឋាន Shin-Chitose នៅភាគខាងជើងកោះហុកកៃដូ។ អ្នកនាំពាក្យអាកាសយានដ្ឋាន បានប្រាប់ថា អាកាសយានដ្ឋាន Haneda បានបិទផ្លូវរត់ទាំងអស់ បន្ទាប់ពីមានឧបទ្ទវហេតុនេះ៕