ភ្ញៀវជាតិ និងអន្តរជាតិ ជាង ៧លាននាក់ ក្នុងឆ្នំា ២០២៣ បានឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ច្រកទ្វារដ៏មមាញឹកបំផុតនៃព្រំដែនគោករបស់ប្រទេសកម្ពុជា គឺច្រកទ្វារអន្តរប៉ោយប៉ែត សម្រាប់អ្នកដំណើរជាតិ និងអន្តជាតិ ឆ្លងកាត់ចេញ-ចូល កម្ពុជា និងថៃ។ ក្នុងរយៈពេលពេញ ១ឆ្នាំ នាឆ្នាំ២០២៣ មានភ្ញៀវជាតិ និងអន្តរជាតិចេញ-ចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យរហូតដល់ជាង ៧លាននាក់។

លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត វ៉ាន់ ដារ៉ាន់ បានឲ្យដឹងថា អ្នកដំណើរជាតិ និងអន្តរជាតិឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ មានប្រមាន ៧,១៩លាននាក់ ក្នុងនោះភ្ញៀវបរទេសមានប្រមាណ ៤,៨០លាននាក់។

ក្នុងចំណោមភ្ញៀវ ដែលចូល និងចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត សរុបប្រមាណ ៧,១៩លាននាក់ ក្នុងនោះមានភ្ញៀវ ចូលមកកម្ពុជាមានប្រមាណ ៣,៥៧លាននាក់ ភាគច្រើនជាភ្ញៀវបរទេស ដែលមានប្រមាណ ២,៤០លាននាក់ ចំណែកភ្ញៀវដែលចេញពីកម្ពុជា ចូលទៅប្រទេសថៃ មានប្រមាណ ៣,៦១លាននាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២,៤០លាននាក់ បើតាមការបញ្ជាក់ពីលោកដារ៉ាន់ ។

លោក ដារ៉ាន់ ក៏បានបន្ថែមថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាច្រកសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចេញ-ចូល ប្រទេសកម្ពុជា និងថៃ ដែលត្រូវបានរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខជូនអ្នកដំណើរបានយ៉ាងល្អ ជាមួយច្រកទ្វារអន្តរជាតិស្ទឹងបត់ គឺជាច្រកសម្រាប់រថយន្តដឹកទំនិញចេញ-ចូល កម្ពុជា និងថៃ៕