សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ វិមាននយោបាយឈ្នះ ឈ្នះ បានតម្កល់ទុកតឹកតាងជាប្រវត្តិសាស្ត្រដល់ខ្មែរជំនាន់ក្រោយ។ 

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ជាពិសេសទុកជាតឹកតាងប្រវត្តិសាស្រ្ដ សម្រាប់កូនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះដោយបាន អបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ គឺជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមាននយោបាយឈ្នះ-ឈ្នះ បានរំលេចព្រឹត្តិការណ៍ នៅកម្ពុជា ពីដំណាក់កាលរីកចម្រើន មកហិនហោច ហើយឆ្ពោះមកកាន់ការរីកចម្រើនជាថ្មី។ សម្តេធិបតី ថ្លែងថា នយោបាយឈ្នះ-ឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្តេចតេជោទេនោះ។

សូមជម្រាបថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ២៩ ធ្នូ ២០១៨ – ២៩ ធ្នូ ២០២៣ នៅទីតាំងវិមាន ឈ្នះ ឈ្នះ ក្នុងរយៈពេល០៣ថ្ងៃ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤។

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ ការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ ការរៀបចំ ព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭក ដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាពនៃយើង និងជាការបង្កើនការយល់ដឹង ពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជាទាំងមូល៕