សម្ដេចតេជោ ចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើ៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្ស លើនាវាទៅជាយ៉ាងណា?
ភ្នំពេញ៖ អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស បើសិនជាកាលពី៣ឆ្នាំមុន កម្ពុជាមិនឲ្យនាវា Westerdam ចូលចត តើជីវិតមនុស្សនៅលើនាវានេះ ទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន?
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចឲ្យនាវាទេសចរណ៍អាមេរិក មានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។
ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ជាខ្លាំងដល់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសគឺ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាលើកទី២ ដោយនាំភ្ញៀវបរទេសចម្រុះជាតិសាសន៍ប្រមាណជា៤ពាន់នាក់ ក្រោយធ្លាប់ចូលចតកាលពី ៣ឆ្នាំមុន ដោយសារបញ្ហាកូវីដ-១៩។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចតេជោ បានលើកឡើងថា ភ្ញៀវទេសចររាំលេងនៅលើនាវាវេស្ទើដាម Westerdam ដែលវិលត្រឡប់មកកម្ពុជាសារជាថ្មីបន្ទាប់ពីចូលចត នាខែកុម្ភៈ២០២០ គ្រាដែលជំងឺកូវីដ១៩កំពុងរាតត្បាតពេញសកលលោក ដែលធ្វើឲ្យប្រទេសមួយចំនួនមិនហ៊ានឲ្យនាវានេះចូលចត។
សម្ដេចតេជោបន្ដថា “ពេលនោះប្រសិនកម្ពុជា មិនឲ្យនាវានេះចូលចត តើជីវិតមនុស្សនៅលើវានានេះទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាននៅរស់ប៉ុន្មាន? ខ្ញុំចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឆ្លើយជាមួយសំណួរនេះ”។
សម្ដេចតេជោបន្ថែមថា “សម្រាប់ខ្ញុំ ពីដើមដល់ចប់សិទ្ធិរស់រានមានជីវិត គឺជាចំណុចសំខាន់ជាងគេ ព្រោះបើស្លាប់ទៅហើយតើមានសិទ្ធិ និងប្រជាធិបតេយ្យអ្វីទៀត”៕