ជប៉ុន រងការព្រមានពីរុស្ស៊ី ជុំវិញការផ្តល់ប្រព័ន្ធការពារ ដែនអាកាស Patriot ឲ្យអ៊ុយក្រែន។

រុស្ស៊ី៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី២៧ ខែធ្នូ បាននិយាយថា ការសម្រេចចិត្តរបស់ជប៉ុន ក្នុងការផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់ប្រទេសអ៊ុយក្រែន នឹងបង្កឲ្យមាន «ផលវិបាកធ្ងន់ធ្ងរ» ក្នុងទំនាក់ទំនងរុស្ស៊ី-ជប៉ុន។

បញ្ហាមានស្រាប់ទៅហើយនោះ បានធ្លាក់ចុះកាន់តែខ្លាំងឡើងៗនូវទំនាក់ទំនង រវាងទីក្រុងមូស្គូ និងទីក្រុងតូក្យូ ចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ។ ប្រទេសជប៉ុនបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ។

ប្រទេសជប៉ុនបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងរៀបចំបញ្ជូនមីស៊ីលការពារដែនអាកាស Patriot ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីបានកែប្រែគោលការណ៍ការនាំចេញអាវុធរបស់ខ្លួន ដែលជាការរុះរើដ៏សំខាន់លើកដំបូងរបស់ទីក្រុងតូក្យូ ចំពោះការទប់ស្កាត់ការនាំចេញបែបនេះ ក្នុងរយៈពេល ៩ឆ្នាំ។

ទោះបីជាការគ្រប់គ្រងការនាំចេញថ្មីរបស់ជប៉ុន នៅតែរារាំងប្រទេសនេះ មិនឲ្យដឹកជញ្ជូនអាវុធទៅកាន់ប្រទេស ដែលមានសង្គ្រាមក៏ដោយ ក៏ប្រទេសនេះអាចផ្តល់ផលប្រយោជន៍ដោយប្រយោលដល់ អ៊ុយក្រែនក្នុងសង្គ្រាមទប់ទល់ជាមួយរុស្ស៊ី ដោយសារខ្លួនជួយសហរដ្ឋអាមេរិកឲ្យមានសមត្ថភាពបន្ថែម ក្នុងការផ្តល់ជំនួយយោធាដល់ទីក្រុងគីវ ។

សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រី Zakharova បានប្រាប់ថា៖ «ភាគីជប៉ុនបាត់បង់ការគ្រប់គ្រងលើសព្វាវុធ ដែលទីក្រុងវ៉ាស៊ីនតោន ឥឡូវនេះ អាចធ្វើអ្វីៗតាមដែលខ្លួនចង់។ វាមិនអាចច្រានចោលបានទេថា នៅក្រោមគម្រោងសាកល្បងរួចហើយ មីស៊ីលការពារដែនអាកាស Patriot នឹងធ្លាក់ទៅក្នុងដៃអ៊ុយក្រែន»។

លោកស្រីក៏បន្ថែមថា រូបភាពបែបនេះនឹងត្រូវបាន «បកស្រាយថា ជាសកម្មភាពអរិភាពយ៉ាងច្បាស់ក្រឡែតប្រឆាំងនឹងរុស្ស៊ី ហើយវានឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ សម្រាប់ប្រទេសជប៉ុន ក្នុងបរិបទនៃទំនាក់ទំនងទ្វេភាគី»៕