បន្ទាប់ពីមានការផ្ទុះ នៅស្ថានទូតអ៊ីស្រាអែល សន្តិសុខត្រូវបានរឹតបន្តឹង ក្នុងទីក្រុងញូវដេលី

ឥណ្ឌា៖ នៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ការការពារសន្តិសុខដ៏តឹងរ៉ឹង ត្រូវបានធ្វើឡើង នៅថ្ងៃពុធ ទី២៧ ខែធ្នូនេះ ដោយមានបុគ្គលិកសន្តិសុខប្រដាប់ដោយអាវុធ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីមានការផ្ទុះមួយ ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់នោះ។

អាជ្ញាធរបាននិយាយថា ការផ្ទុះនោះ មិនបានធ្វើឲ្យមានការបាត់បង់ជីវិត ឬរបួសបុគ្គលិកណាម្នាក់នោះឡើយ ដោយបន្ថែមថា ការស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះ កំពុងបន្តធ្វើ។ ប្រទេសអ៊ីស្រាអែលបានជំរុញពលរដ្ឋរបស់ខ្លួន ក្នុងប្រទេសឥណ្ឌា ជាពិសេសនៅទីក្រុងញូវដេលី ឲ្យមានការប្រុងប្រយ័ត្ន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានឲ្យដឹងថា ការផ្ទុះនោះ «អាចជាការវាយប្រហារ»។

បេសកកម្មរបស់អ៊ីស្រាអែល ជុំវិញពិភពលោក ត្រូវបានព្រមានឲ្យប្រុងប្រយ័ត្ន ចំពេលមានការកើនឡើងនៃការវាយប្រហារប្រឆាំងនឹងពួកជនជាតិជ្វីហ្វ ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុករបស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប៕