ប្រាប់ដល់ក្រុមប្រឆាំង៖ សម្តេចធិបតី ថា ការសាងសង់គម្រោង ព្រែកជីកហ្វូណនតេជោ មិនមែនជាលុយកម្ចីបរទេសគឺលុយ BOT។

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមប្រឆាំង ដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា សូមកុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។

ការលើកឡើងរបស់សម្តេចធិបតីបែបនេះ គឺដើម្បីឆ្លើយតប និងបកស្រាយចំពោះអ្នកពាក់ស្បង់ចីវរ និងក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេស ដែលបានបំប៉ោងព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីលុយពីបរទេសប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនតាមទឹកនោះ។

នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយបញ្ជាក់ថា សម្តេចសូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់កាសែតបរទេសមួយ ដែលបានចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ថា រាជរដ្ឋាភិបាលខ្ចីលុយពីបរទេស ដើម្បីធ្វើព្រែកជីកហ្វូណនតេជោ ហើយសម្តេចមិនជឿថាព័ត៌មាននេះ បានមកពីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ ដោយសម្តេចអះអាងថា ព័ត៌មាននេះ គឺជាព័ត៌ប្រឌិតឡើងដើម្បីប្រជាភិថុតិសុទ្ធសាធ និងដើម្បីមូលបង្កាច់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះដែរសម្តេចធិបតី ក៏បានផ្តាំទៅក្រុមប្រឆាំងទាំងនោះជាថ្មីម្តងទៀត ផងដែរថា «គម្រោងព្រែកជីកហ្វូណនតេជោ» ជាសរសៃឈាមតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធនានា ជាមួយនឹងគម្រោងផ្សេងៗទៀតរបស់រដ្ឋាភិបាលជប៉ុន គឺធ្វើឡើងដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មតាមផ្លូវទឹកសមុទ្រ និងផ្លូវទឹកតាមទន្លេសាប និងទន្លេមេគង្គរបស់កម្ពុជា វាមិនមែនឥតប្រយោជន៍ ដូចក្រុមប្រឆាំងផ្កាប់មុខទាំងនោះឡើយ ខណៈផលលាភដែលនឹងទទួលបានតាមរយៈគម្រោងនេះ គឺជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជួយបង្កើនជីវភាពរបស់ពលរដ្ឋតែប៉ុណ្ណោះ ៕