សកម្មភាពសងសឹក ធ្វើឡើង នៅអ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់ តាមការបង្ហើប រដ្ឋមន្ត្រីអ៊ីស្រាអែល។

អ៊ីស្រាអែល៖ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ បាននិយាយបង្ហើបថា ប្រទេសខ្លួនបានធ្វើសកម្មភាពសងសឹក នៅក្នុងប្រទេសអ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់ ចំពោះការវាយប្រហារដែលបានធ្វើឡើងប្រឆាំងនឹងខ្លួន ខណៈដែលសង្រ្គាមជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដឹកនាំដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប បានពង្រីកដល់ទីកន្លែងផ្សេងទៀតនៃតំបន់នេះ។

លោក Gallant បានប្រាប់សមាជិកសភាថា៖ «យើងកំពុងស្ថិតក្នុងសង្រ្គាមពហុខ្សែត្រៀម ហើយកំពុងរងការវាយប្រហារពីតំបន់ចំនួន ៧ ដែលមានដូចជាហ្កាហ្សា លីបង់ ស៊ីរី Judea & Samaria (តំបន់វ៉េសប៊ែង) អ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់។ យើងបានឆ្លើយតប និងចាត់វិធានការរួចហើយ នៅក្នុងតំបន់ចំនួន ៦»។

ចាប់តាំងពីអរិភាព នៅតំបន់ហ្កាហ្សា បានផ្ទុះឡើងជាមួយនឹងការវាយប្រហារយ៉ាងកំរោល ឆ្លងព្រំដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនក៏បានសងសឹក ចំពោះការវាយប្រហារពីប្រទេសលីបង់ និងស៊ីរី ហើយបានវាយឆ្មក់លើពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់កាន់កាប់វ៉េសប៊ែង។

តែយ៉ាងណាក្ដី អ៊ីស្រាអែលមិនបានផ្សព្វផ្សាយពីសកម្មភាពបែបនេះ នៅយេម៉ែន ដែលក្រុមហួទីរបស់ប្រទេសនេះ ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយានដ្រូននៅអ៊ីស្រាអែល និងបានវាយប្រហារលើការដឹកជញ្ជូន នៅសមុទ្រក្រហម ហើយដូចគ្នាដែរ នៅអ៊ីរ៉ាក់ ដែលកងជីវពលគាំទ្រអ៊ីរ៉ង់ បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានបាញ់យានដ្រូនសំដៅកំពង់ផែ Eilat ភាគខាងត្បូងរបស់អ៊ីស្រាអែល។

ហើយអ៊ីស្រាអែល ក៏មិនបានផ្សព្វផ្សាយប្រតិបត្តិការណាមួយ ក្នុងប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវដ៏ធំរបស់ខ្លួន និងជាអ្នកឧបត្ថម្ភក្រុមហាម៉ាស និងក្រុមហេសបូឡាហ៍របស់លីបង់៕