ប្រមុខដឹកនាំអ៊ីស្រាអែល ប្ដេជ្ញាប្រយុទ្ធមិនដកដៃ ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស ទោះអ្នកស្លាប់នៅហ្កាហ្សាកើនឡើង។

បរទេស៖ លោក បេន ចាមីនណេតានយ៉ាហ៊ូ(Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ខណៈពលរដ្ឋប៉ាឡេស្ទីនកាន់ទុក្ខមនុស្សជាង ១០០ នាក់ ដែលមន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា បានស្លាប់ ទាំងពាក់កណ្ដាលអាធ្រាត្រ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

នៅភាគខាងជើងតំបន់ ហ្កាហ្សា ស្ទ្រីប លោក Netanyahu បានទៅសួរសុខទុក្ខកងទ័ពអ៊ីស្រាអែល ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរាត្រីដ៏វិនាសកម្មបំផុតមួយ របស់តំបន់រងការឡោមព័ទ្ធមួយនេះ ក្នុងការប្រយុទ្ធគ្នារយៈពេល១១ សប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ការសងសឹកប្រឆាំងនឹងក្រុមហាម៉ាស សម្រាប់ការវាយលុកឆ្លងព្រំដែនដ៏សាហាវរបស់ខ្លួន កាលពីថ្ងៃទី៧ខែតុលា បានធ្វើឲ្យអ៊ីស្រាអែល បានស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរប្រតិបត្តិការនៅតំបន់ហ្កាហ្សាទៅដំណាក់កាលកម្រិតទាប និងកាត់បន្ថយការស្លាប់ជនស៊ីវិល។

ទោះយ៉ាងណាលោក Netanyahu បានប្រាប់សមាជិកសភាមកពីគណបក្ស លីកូដ (Likud) របស់លោកថា សង្រ្គាមកំពុងរីកកាន់តែធំហើយ និងបានច្រានចោលនូវអ្វីដែលលោកចាត់ទុកថា ការបញ្ចេញទស្សនៈពីប្រព័ន្ធផ្សព្វផ្សាយចំពោះរដ្ឋាភិបាលរបស់លោក អាចនឹងអំពាវនាវឲ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា។ លោកបាននិយាយថា អ៊ីស្រាអែលនឹងមិនជោគជ័យក្នុងការរំដោះចំណាប់ថ្នូរ ដែលនៅសេសសល់របស់ខ្លួនដោយមិនប្រើសម្ពាធយោធានោះទេ។

លោក Netanyahu ដែលប្រឆាំងនឹងការអំពាវនាវជាអន្តរជាតិសម្រាប់បទឈប់បាញ់បាននិយាយក្នុងអំឡុងចុះពិនិត្យស្ថានភាពទ័ពនៅតំបន់ហ្កាហ្សាថា យើងមិនឈប់ទេ។ សង្រ្គាមនឹងបន្តរហូតដល់ទីបញ្ចប់ រហូតដល់យើងបញ្ចប់សង្រ្គាម ។

ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis ភាគខាងត្បូងរបស់តំបន់ហ្កាហ្សាបានសម្លាប់មនុស្ស ២៣ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនក្នុងការវាយប្រហារទាំងយប់កើនឡើងដល់ជាង ១០០ ៕