អះអាងរៀងៗខ្លួន រុស្ស៊ីថា បំផ្លាញយុទ្ធោបករណ៍របស់អ៊ុយក្រែន ខណៈអ៊ុយក្រែនអះអាងបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។
បរទេស៖ រុស្ស៊ី លើកឡើងថា បានបាញ់ទម្លាក់យន្តហោះចម្បាំង និងយានដ្រូនរបស់អ៊ុយក្រែន ហើយបានបំផ្លាញសព្វាវុធរបស់អ៊ុយក្រែន ដែលផ្តល់ដោយប្រទេសមួយចំនួនទៀតផង កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ខណៈដែលភាគីអ៊ុយក្រែន បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-34 ១គ្រឿង វាយប្រហារការប្រមូលផ្តុំកងទ័ពរុស្ស៊ី និងបំផ្លាញអាវុធយុទ្ធភណ្ឌរុស្ស៊ីជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធគ្នា រវាងភាគីទាំង២ រយៈពេល ២៤ម៉ោងកន្លងទៅនេះ ។
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍នៅក្នុងសន្និសីទ កាលពីម្សិលម៉្ងៃថ្ងៃថា កងកម្លាំងរុស្ស៊ី បានវាយលុកការវាយប្រហារពីភាគីអ៊ុយក្រែននៅទីក្រុង Kupiansk ភាគខាងកើត ទីក្រុង Kharkov នៅភាគឦសាន ទីក្រុង Zaporizhzhia នៅភាគអាគ្នេយ៍ និងទីក្រុង Kherson នៅភាគខាងត្បូងអ៊ុយក្រែន ដោយបានបំផ្លាញឃ្លាំងរំសេវ ព្រមទាំងអាវុធ ដែលបានពីប្រទេសដទៃទៀតផង ដូចជា កាំភ្លើងយន្ត M109 និង M777 ដែលផលិតដោយសហរដ្ឋអាមេរិក ជើងទម្រប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ យន្តហោះ ជំនួយនាវាចរណ៍ និងគ្រាប់រំសេវ នៅលើអាកាស ដែលផលិតដោយប្រទេសន័រវ៉ែស និងបារាំង។
កងកម្លាំងរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនចំនួន ៤ គ្រឿង និងយានដ្រូនចំនួន ៤៩គ្រឿង ព្រមទាំងស្ទាក់ចាប់មីស៊ីលប្រឆាំងរ៉ាដាជាច្រើន គ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងនាវាផងដែរ បានឲ្យដឹងបន្ថែមទៀតក្នុងរបាយការណ៍ ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) នៅថ្ងៃដដែលនោះ បានចេញរបាយការណ៍សមរភូមិ ដោយនិយាយថា មានការចូលរួមប្រយុទ្ធចំនួន ៤៨ដង រយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយបានអះអាងថា បានបើកការវាយប្រហារលើការប្រមូលផ្តុំទ័ព អាវុធ និងឧបករណ៍យោធាចំនួន ១២កន្លែង របស់កងកម្លាំងរុស្ស៊ី។
ឃ្លាំងផ្ទុកគ្រាប់រំសេវ និងកន្លែងការពារដែនអាកាសរបស់រុស្ស៊ីក៏ត្រូវបានវាយប្រហារ ហើយបើយោងតាមអគ្គសេនាធិការ AFU បានបញ្ជាក់ ក្នុងការចេញផ្សាយនោះបានឲ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រភេទ Sukhoi Su-34 ១គ្រឿងផងដែរ។ ចំពោះកងកម្លាំងរ៉ុក្កែត និងកាំភ្លើងធំរបស់ប្រទេសនេះ ពួកគេបាននិយាយថា ពួកគេបានបំផ្លាញបំណែកកាំភ្លើងធំចំនួនពីរ និងប៉ុស្តិ៍បញ្ជាការមួយរបស់រុស្ស៊ី៕