នៅហ្គាហ្សា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន កើនឡើងលើសពី ២០.០០០នាក់។

ហ្កាហ្សា៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានធ្វើឲ្យចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន បានកើនឡើងលើសពី២០.000 នាក់ និងជាង ៥៣.000 នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ខែតុលានេះ បើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សា កាលពីថ្ងៃម្សិលម្ង៉ៃ។

ជនជាតិប៉ាឡេស្ទីនចំនួន ៣៩០នាក់ ត្រូវបានសម្លាប់ និង ៧៣៤នាក់ ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល៤៨ម៉ោង កន្លងទៅនេះ នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមិនមែនរដ្ឋាភិបាលចំនួន២៣ កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជន ២,៣លាននាក់ នៅតំបន់ហ្កាហ្សា «ស្ថិតក្នុងវិបត្តិស្បៀងអាហារ ឬអាក្រក់ជាងនេះ ជាមួយនឹងមនុស្សជាង ៥៧៦.000 នាក់ កំពុងស្ថិតក្នុងកម្រិតគ្រោះមហន្តរាយ ឬអត់អាហារបរិភោគ។

នៅក្នុងរបាយការណ៍ កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា ៩០ភាគរយនៃប្រជាជនហ្កាហ្សា កំពុងបរិភោគអាហារតិចបំផុត ក្នុងមួយថ្ងៃៗ ដោយសារតែការរឹតបន្តឹងយ៉ាងខ្លាំងលើចំនួនជំនួយ ដែលបានអនុញ្ញាតចូលទៅក្នុងតំបន់់ហ្កាហ្សា និងការផ្គត់ផ្គង់អាហារដែលមានស្រាប់ មានកម្រិត។

អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក បានធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលមានឈ្មោះថា «ដាវដែក» ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលភាគខាងត្បូង ដោយក្រុមហាម៉ាស៕