ការខ្វែងគំនិតគ្នាលើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិអំពីតំបន់ហ្កាហ្សា ក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីន។ 

ក្រសួងការបរទេសប៉ាឡេស្ទីន និងក្រុមអ៊ីស្លាមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការអនុម័ត ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅលើសេចក្តីសម្រេចដែលមានបំណងជួយនាំយកជំនួយមនុស្សធម៌បន្ថែមទៀតចូល ទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

មានមូលដ្ឋាន នៅវេសបែង ក្រសួងការបរទេសប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃអាជ្ញាធរប៉ាឡេស្ទីន បានហៅសេចក្តីសម្រេចនេះថា ជាចំណាត់ការមួយក្នុងទិសដៅត្រឹមត្រូវ ហើយបាននិយាយថា វានឹងជួយ «បញ្ចប់ការឈ្លានពាន ធានាដល់ជំនួយចូលមកដល់ និងការពារប្រជាជនប៉ាឡេស្ទីន»។

«យើងចាត់ទុកវាជាចំណាត់ការមួយ ដែលអាចរួមចំណែកក្នុងការកាត់បន្ថយការឈឺចាប់ របស់ប្រជាជនរបស់យើង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប» បើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ។ ប៉ុន្តែក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានហៅសេចក្តីសម្រេចនេះថាជា «ចំណាត់ការមិនគ្រប់គ្រាន់» សម្រាប់បំពេញតម្រូវការរបស់ដែនដីដ៏ក្រីក្រនេះ៕