កាត់ទោសឪពុកម្តាយជនជាតិប៉ាគីស្ថានឲ្យជាប់ទោសមួយជីវិត ពីតុលាការអ៊ីតាលីក្នុងករណី «សម្លាប់ដើម្បីកិត្តិយស»។
អ៊ីតាលី៖ កាត់ទោសឪពុកម្តាយ ២នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីតុលាការរបស់ប្រទេសអ៊ីតាលី កាលពីថ្ងទី១៩ ខែធ្នូ ពីបទសម្លាប់កូនស្រីវ័យជំទង់របស់ពួកគេ បន្ទាប់ពីនាងបដិសេធមិនព្រមធ្វើដំណើរទៅប្រទេសប៉ាគីស្ថាន ដើម្បីរៀបអាពាហ៍ពិពាហ៍ ដែលរៀបចំទុក។
ជាអ្វីដែលត្រូវបានគេហៅថា ការសម្លាប់ ដើម្បីកិត្តិយស នាង Saman Abbas អាយុ ១៨ឆ្នាំ ដែលបានបាត់ខ្លួន កាលពីខែមេសា ឆ្នាំ២០២១ បានធ្វើឲ្យប្រទេសអ៊ីតាលីភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ឪពុករបស់នាងឈ្មោះ Shabbar Abbas ត្រូវបានកាត់ទោសដោយតុលាការនៅភាគខាងជើងនៃទីក្រុង Reggio Emilia រួមជាមួយនឹងម្តាយរបស់ជនរងគ្រោះ ដែលពេលនេះនៅតែមានសេរីភាពដដែល។ ពូរបស់ក្មេងស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ខណៈបងប្អូនជីដូនមួយ ២នាក់ ត្រូវបានរួចទោស។
នេះគឺជាសាលក្រមនៅសាលាដំបូង ហើយអាចប្តឹងឧទ្ធរណ៍បាន។ ឪពុកររបស់នាងបានយំ និងតវ៉ា ចំពោះភាពគ្មានទោសពៃរ៍របស់ខ្លួន អំឡុងពេលផ្តល់សក្ខីកម្មទៅតុលាការ កាលពីថ្ងៃទី១៩ ខែធ្នូ។ ហើយបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ជនល្មើសបានប្រាប់តុលាការថា៖ «ការសម្រេចក្ដីនេះ មិនទាន់ចប់ទាំងស្រុងនោះទេ។ ខ្ញុំក៏ចង់ដឹងដែរថា នរណាជាអ្នកសម្លាប់កូនស្រីរបស់ខ្ញុំ»។
លោក Shabbar Abbas ត្រូវបានធ្វើបត្យាប័នទៅប្រទេសអ៊ីតាលី កាលពីខែសីហា ដើម្បីប្រឈមមុខនឹងការកាត់ទោស បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួននៅក្នុងភូមិរបស់លោក នៅភាគខាងកើតប្រទេសប៉ាគីស្ថាន ដោយសង្ស័យពីបទឃាតកម្ម។ ចំណែកប្រពន្ធរបស់លោកត្រូវបានគេជឿថា កំពុងលាក់ខ្លួន នៅក្នុងប្រទេសប៉ាគីស្ថាន៕