ក្រុមហ៊ុនជប៉ុន មីនេបៀ នឹងពង្រីកអាជីវកម្មខ្លួនបន្ថែម នៅកម្ពុជាខណៈរាជរដ្ឋាភិបាលប្តេជ្ញាពង្រឹងបរិស្ថានវិនិយោគបន្ថែម។
ជប៉ុន៖ អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) លោកកៃនុម៉ា យ៉ូស៊ីហ៊ីសា បានសន្យាពង្រីកអាជីវកម្ម របស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានបង្ករលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនលោកឱ្យដំណើរការដោយរលូន ហើយក៏ស្របពេលរាជរដ្ឋាភិបាលបានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឲ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀតនោះ។
កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពេលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនMinebea និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាជាដើម។
លោកអគ្គនាយក ក្រុមហ៊ុនក៏បានសម្តែងនូវការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា «ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្ត ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅកម្ពុជា»។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល សូមអរគុណចំពោះក្រុមហ៊ុនដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា ដោយសម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក។
សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងផងដែរថារាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។ ហើយលើសពីនេះ «រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត»៕