ស្ថានភាពតំបន់ និងពិភពលោកកំពុងស្មុគស្មាញ នាយឧត្តមសេនីយ៍ ទៀ សីហា ថា កិច្ចសហការ កម្ពុជា-ឡាវ-វៀតណាម តម្រូវឱ្យរួមគ្នាពង្រឹងប្រតិបត្តិការវិស័យការពារជាតិ។

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ក្នុងស្ថានភាពតំបន់ និងពិភពលោក កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ នាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ-វៀតណាម តម្រូវឱ្យរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ សំដៅធានាសុខប្រទេសនីមួយៗ ។

ថ្លែងក្នុងជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ដ្រីលើកទី១ចំនួន ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា «ស្ថិតក្នុងស្ថានភាពតំបន់ និងពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការប្រទេសទាំងបី តម្រូវឱ្យយើងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ដែលជាវិស័យសសរស្ដម្ភក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាស្ថិរភាព សណ្ដាប់ធ្នាប់ និងសន្តិសុខនៅ ប្រទេសនីមួយៗ និងឯកភាពគ្នាមិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើទឹកដីប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេស ណាមួយឡើយ»។

នាយឧត្តមសេនីយ៍ ទៀ សីហា បន្ដថា បន្តពង្រឹងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាញឹកញាប់ សំដៅជម្រុញទំនាក់ទំនងជា ប្រពៃណ៏មិត្តភាពយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលជាកត្តាដ៏សំខាន់បំផុតមួយ សម្រាប់ជោគជ័យក្នុងការការពារឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។
នាយឧត្តមសេនីយ៍ ទៀ សីហា បន្ថែមថា បង្កើនការងារ ឃោសនាអប់រំប្រជាជន កងទ័ព នាយទាហានបន្តវេន បានយល់កាន់តែច្បាស់នូវអត្ថន័យព្រឹត្តិការណ៍ជាប្រវត្តិ- សាស្ត្រជាតិ សំដៅពង្រឹងស្មារតីសាមគ្គីភាព មិត្តភាពប្រទេសទាំងបីឱ្យកាន់តែមានភាពស៊ីជម្រៅ និងគ្រប់ជ្រុង ជ្រោយថែមទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា គូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី តម្រូវឱ្យប្រទេសទាំងបីបន្តគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវ សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ និងតំបន់ទន្លេមេគង្គ។

ក្នុងនាមក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ប្តេជ្ញាលើកកម្ពស់តួនាទីស្នូលកងទ័ពប្រទេសទាំងបី សហការរួមគ្នា អនុវត្តឱ្យបានជោគជ័យលើគ្រប់វិស័យ តាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំប្រទេសទាំងបី ក្នុងការចូលរួមដល់គម្រោង អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដែលឈរលើមូលដ្ឋាននៃការគោរពគ្នា និងជឿទុកចិត្តគ្នាទៅ វិញទៅមក ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងបី។

នាយឧត្តមសេនីយ៍ ទៀ សីហា បន្ថែមថា កម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីអន្តរជាតិ និងក្នុងតំបន់ នៃយន្តការបណ្តាប្រទេស អាស៊ាន តាមរយៈការជួយគាំទ្រក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើម្ចាស់ ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ។ កម្ពុជាគាំទ្រ ជម្រុញដំណើរទស្សនកិច្ចទៅវិញទៅមក និងចូលរួមព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសនីមួយៗ នៅឆ្នាំ២០២៤ ខាងមុខ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារប្រទេសឡាវ។ កម្ពុជាប្តេជ្ញារៀបចំ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រី និងលំហាត់រួមគ្នាពាក់ព័ន្ធវិស័យសុខាភិបាល និងមនុស្សធម៌ រវាងកងទ័ពប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសកម្ពុជា ឱ្យទទួលបានជោគជ័យ។

នាយឧត្តមសេនីយ៍ ទៀ សីហា គូសបញ្ជាក់ទៀតថា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ក្រសួងការពារជាតិកម្ពុជា សហការជាមួយក្រសួងការពារប្រទេស វៀតណាម និងឡាវ បន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ដើម្បីរួមគ្នាដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ និងតំបន់ទន្លេមេគង្គ រួមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មពាក់ព័ន្ធគ្រឿង ញៀន និងឧក្រិដ្ឋកម្មឆ្លងដែនដទៃឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕