លក្ខខណ្ឌចរចាសន្តិភាព មេដឹកនាំក្រុមហាម៉ាស ដាក់ជាមួយអ៊ីស្រាអែល។

បរទេស៖ លោក Ismail Haniyeh ប្រធានការិយាល័យនយោបាយ របស់ក្រុមហាម៉ាស បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បើកទូលាយសម្រាប់ ការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយ អ៊ីស្រាអែល ប៉ុន្តែបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងចុងក្រោយណាមួយ នឹងត្រូវឈានទៅដល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋឯករាជ្យមួយ ។

លោក Haniyeh ក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃពុធ បាននិយាយថា ក្រុមហាម៉ាស់បានត្រៀមខ្លួនសម្រាប់ការសន្ទនាជាមួយអ៊ីស្រាអែល ដោយសង្ឃឹមថា កិច្ចពិភាក្សានាពេលអនាគតអាចដាក់ “ផ្ទះប៉ាឡេស្ទីន ឱ្យមានសណ្តាប់ធ្នាប់ទាំងនៅក្នុងតំបន់ West Bank និង តំបន់ ហ្គាហ្សា ស្រ្ទីប” នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។

លោកថា “យើងបើកចំហរ ដើម្បីពិភាក្សាអំពីការរៀបចំ ឬគំនិតផ្តួចផ្តើមណាមួយ ដែលអាចបញ្ចប់ការឈ្លានពាន” និងនាំទៅរក “ផ្លូវនយោបាយ ដែលធានាសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីនឱ្យមានរដ្ឋឯករាជ្យរបស់ពួកគេជា មួយក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ខ្លួន”។

មន្ត្រីរូបនេះ បានបន្តព្រមានថា ទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងណាមួយដើម្បីដកក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត ចេញពីការតាំងទីលំនៅក្រោយសង្គ្រាមនឹងក្លាយទៅជា “ការភ័ន្តច្រឡំ” ដោយនិយាយថា “ក្រុមចលនាតស៊ូ” ត្រូវតែចូលរួមក្នុងដំណើរការនេះ៕