ប្រធានរដ្ឋចិន ចាកចេញពីទីក្រុងហាណូយប្រទេសវៀតណាម ។
បរទេស៖ លោក Xi Jinping ប្រធានាធិបតេយ្យចិន និងភរិយារបស់លោក លោកស្រី Peng Liyuan បានចាកចេញពីទីក្រុងហាណូយ កាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម ។
លោក Nguyen Phu Trong និងភរិយា លោក Xi Jinping និងភរិយា បន្ទាប់ពីជួបជាមួយបញ្ញវន្ត និងយុវជនវៀតណាម និងចិន រួមជាមួយអគ្គលេខាបក្សវៀតណាម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Noi Bai ភ្លាមៗ បន្ទាប់ពីម៉ោង ៥:០០ ល្ងាច សម្រាប់ការចាកចេញពីវៀតណាម។
ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping នេះ ចិន និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឲ្យស៊ីជម្រៅ និងលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទន្ទឹមនឹងការកសាងសហគមន៍ចិន-វៀតណាម សម្រាប់ការចែករំលែកអនាគតរួម ដែលមានន័យជាយុទ្ធសាស្ត្រ និងប្រឹងប្រែងផ្ដល់សេចក្ដីសុខដល់ប្រជាជននៃប្រទេសទាំង២ ដើម្បីជាប្រយោជន៍ដល់សន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ៕