«រាត្រីចងចាំ» ក្រសួងវប្បធម៌ប្រារព្ធ អបអរសាទរខួបលើកទី៣១ នៃការចុះបញ្ជីប្រាសាទអង្គរវត្ត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

សៀមរាប៖ «រាត្រីចងចាំ លើកទី៤» ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធពិធីនេះឡើង ដើម្បីអបអរសាទរខួបលើកទី៣១ នៃការចុះបញ្ជីប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) (រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២)។

តាមរយៈទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យនៃមហាព្រឹត្តិការណ៍ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ មានដូចជា៖ ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំងទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរផងដែរ។

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ មានប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងអង្គការយូណេស្កូនៅភ្នំពេញ តំណាងស្ថានទូត និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សរុបជាង៦០០នាក់។

ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថិរគង់វង្ស ដល់សព្វថ្ងៃ រក្សាភាពសក្ដិសិទ្ធិ នៃរមណីយដ្ឋានអង្គរ ក្នុងបរិបទសាកលភាវូបនីយកម្ម និងរំលឹកឡើងវិញនូវកេរ្តិ៍ដំណែលនៃពិធីដឹងគុណព្រះមហាក្សត្រ អនុវត្តក្នុងសម័យអង្គរ ក្រោមរូបភាពពិធីឡើងសួយសារអាករ ពីរដ្ឋចំណុះ ជាពិសេសដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ពិសេសដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ ០១នាក់ ចូលរួមទស្សនាអង្គរ យ៉ាងហោចណាស់ ០១ដង/០១ឆ្នាំ មកទស្សនាហើយចង់មកទៀត និងបំផុសចលនាស្រលាញ់ និងចូលរួមការពាររមណីយដ្ឋានអង្គរ ចៀសវាងឱ្យបាននូវការបំផ្លាញដោយស្នាដៃមនុស្ស និងធម្មជាតិ តាមរយៈការរៀបចំកម្មវិធីស្វែងយល់ផ្ទាល់នៅការដ្ឋានការងារអាជ្ញាធរជាតិអប្សរា បញ្ហាប្រឈម និងការបង្ក្រាបតាមរយៈការសម្តែងសិល្បៈទស្សនីយភាព ពោលដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីផូរផង់ របស់កម្ពុជា លើកស្ទួយពាក្យស្លោក កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាចូលរួមចំណែកជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យរស់រានឡើងវិញនូវវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីបង្ហាញមោទកភាពជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងប្រវត្តិសាស្ត្រយូរលង់ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕

រូបភាព៖