ប្រមុខការបរទេសអ៊ីរ៉ង់ថា អ៊ីស្រាអែល និងអាមេរិក មិនអាចកម្ចាត់ ក្រុមហាម៉ាសបានទេ។

អ៊ីរ៉ង់៖ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែង កាលពីថ្ងៃអង្គារថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនអាចកម្ចាត់ក្រុមហាម៉ាសបានទេ ហើយថា អ៊ីស្រាអែល អាចធានាបានតែការដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួន នៅតំបន់ហ្កាហ្សាជាមួយនឹងដំណោះស្រាយនយោបាយចំពោះជម្លោះនេះ ។

នៅឯអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ក្នុងសុន្ទរកថាមួយ ដែលលោកបានពណ៌នាក្រុមអ៊ី ស្លាមនិយមថា ជាចលនាសេរីភាព លោក អាមីរ៉ាប់ឌូឡាហៀន បាននិយាយថា៖«អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនអាចលុបបំបាត់ក្រុមហាម៉ាសបានទេ»។

លោកបានបន្ថែមថា អ៊ីស្រាអែល ដែលបានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ អាច សម្រេចបានតែការវិលត្រឡប់នៃចំណាប់ថ្នូរ ដែលក្រុមហាម៉ាសបានចាប់ ក្នុងអំឡុងពេលការវាយលុកដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា តាមរយៈដំណោះស្រាយនយោបាយ។

លោក អាមីរ៉ាប់ឌូឡាហៀន បានថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយសមភាគី មកពីបណ្តាប្រទេសមជ្ឈឹមបូព៌ាផ្សេងទៀត។

លោក អាមីរ៉ាប់ឌូឡាហៀន បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា៖ «រដ្ឋមន្ត្រីទាំងអស់ យល់ស្របថា ការវាយប្រហារដោយរបបឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល និងអំពើប្រល័យពូជសាសន៍ ដែលខ្លួនកំពុងប្រព្រឹត្ត ត្រូវតែបញ្ឈប់ជាបន្ទាន់»៕