ប្រមុខUN ៖ លោកនឹងមិនបោះបង់ចោលការអំពាវនាវបទឈប់បាញ់ឡើយ។
លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ នេះថា នឹងមិនបោះបង់ចោលនូវការស្វះស្វែងរក បទឈប់បាញ់នៅហ្កាហ្សាឡើយ ។ ដោយថ្លែងក្នុងពិធីបើកវេទិកាដូហា ក្នុងប្រទេសកាតា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្គុយតឺរេស ក៏បាននិយាយផងដែរថា ស្ថានភាពមនុស្សធម៌នៅទូទាំងតំបន់នេះ កាន់តែអាក្រក់ទៅៗ ។
លោក ហ្គុយតឺរេស បាននិយាយថា «យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការដួលរលំនៃប្រព័ន្ធមនុស្សធម៌។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សក្លាយទៅជាមហន្តរាយ ដែលមានផលប៉ះពាល់មិនអាចត្រឡប់វិញបានសម្រាប់ប៉ាឡេស្ទីនទាំងមូល ព្រមទាំងសម្រាប់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់» ។
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ទី០៩ ខែធ្នូ បានស្វាគមន៍ចំពោះការវេតូរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរយៈពេលមួយថ្ងៃមុន ដើម្បីបដិសេធការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចបទឈប់បាញ់មនុស្សធម៌ ដោយនិយាយថា «អ៊ីស្រាអែលនឹងបន្តសង្រ្គាមយុត្តិធម៌របស់យើងដើម្បីកម្ចាត់ក្រុមហាម៉ាស» ។
ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនបានប្រាប់អ៊ីស្រាអែល ឱ្យខំប្រឹងធ្វើបន្ថែមទៀតដើម្បីការពារជនស៊ីវិល ប៉ុន្តែនៅតែគាំទ្រជំហររបស់អ៊ីស្រាអែលថា បទឈប់បាញ់នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស។
កាលពីថ្ងៃសៅរ៍ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជូនសំណើឆ្លងកាត់សភាសហរដ្ឋអាមេរិក ដើម្បីអនុម័តការលក់គ្រាប់រំសេវជាបន្ទាន់ដល់អ៊ីស្រាអែល៕