នៅទីក្រុងឡុងដ្រ៍ មនុស្សរាប់ម៉ឺននាក់ដង្ហែក្បួន គាំទ្រប៉ាឡេស្ទីនក្រោយអាមេរិកវេតូបទឈប់បាញ់នៅហ្គាហ្សា។

អង់គ្លេស៖ នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួន អំឡុងការតវ៉ាបង្ហាញសាមគ្គីភាព ជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។

អ៊ីស្រាអែល បានបញ្ជាឲ្យប្រជាពលរដ្ឋចាកចេញ ពីតំបន់ភាគកណ្តាលនៃទីក្រុងធំ Khan Younis ស្ថិតក្នុងតំបន់ភាគខាងត្បូងហ្គាហ្សា ហើយនិងបានវាយប្រហារឥតឈប់ឈរ លើតំបន់បិទច្រកមួយនេះ ក្រោយពេលដែលសហរដ្ឋអាមេរិកប្រើសិទ្ធិវេតូ សេចក្តីសម្រេចរបស់អង្គកាសហប្រជាជាតិ ទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាន់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនទ្វេដង លើតំបន់ហ្គាហ្សាស្ទ្រីប នៅពេញយប់ ខណៈដែលពួកគេបានបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ។

កងកម្លាំងការពារអ៊ីស្រាអែល បានពោលថា ខ្លួនបានវាយប្រហារគោលដៅជាង ៤៥០ នៅតំបន់ហ្គាហ្សាពីជើងគោក សមុទ្រ និងផ្លូវអាកាស ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់ បានដួលរលំកាលពីសប្តាហ៍មុន ៕