ទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយមានលាយសារធាតុគីមី ខាងជំនាញរកឃើញ នៅខណ្ឌដង្កោ
ភ្នំពេញ៖ រកឃើញទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ដោយមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ និងមានលាយសារធាតុគីមីត្រាំ ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញ ខ្ញីដុំមិនទាន់ហាន់ ២០៩ថង់ ស្មើរ ២១៤០គីឡូក្រាម សារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើរ ១៧០គីឡូក្រាម ម៉ាស៊ីនហាន់ខ្ញី ចំនួន ២គ្រឿង ទម្ងន់ស្មើនឹង ១០០គីឡូក្រាម ម៉ាស៊ីនលាងខ្ញី ចំនួន ១គ្រឿង ទម្ងន់ ៥០០គីឡូក្រាម ខ្ញីហាន់រួចមានលាយសារធាតុគីមី ត្រាំ Sodium Hydrosufit ចំនួន ២៥គីឡូក្រាម និងសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ចំនួន ១.៥គីឡូក្រាម។
អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា តាមការអះអាងពីម្ចាស់ទីតាំងខាងលើ គឺសារធាតុគីមីទាំងនេះគាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។ ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឲ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឲ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។
អគ្គនាយកដ្ឋាន ក.ប.ប បន្ថែមថា ជាវិធានការ មន្ត្រីជំនាញបានដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ១.៥គីឡូក្រាម យកទៅរក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប រាជធានីភ្នំពេញ ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែងនូវខ្ញីហាន់ ដែលកំពុងដាក់ត្រាំក្នុងធុងជ័រ និងខ្ញីមើម ចំនួន ២០៦៥គីឡូក្រាម និងបានយកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់បន្ថែម។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយរយៈពេលជាយូរអង្វែង។
ទន្ទឹមនឹងនេះអគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣ ២៣១ ៨៥៦ និង 0៩២ ៨៣០ ៨៥៦ ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕