សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំដំបូងជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន ២៩ ក្នុងនោះមាន​ទាំងគណបក្សប្រជាជន​កម្ពុជា​ផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ប្រតិភូ​គណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២ នាក់។

គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ មានដូចជា៖ គណបក្ស ប្រជាជនកម្ពុជា គណបក្ស ខ្មែររួបរួមជាតិ  គណបក្ស ពន្លឺថ្មី គណបក្ស សញ្ញាតិកម្ពុជា គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ  គណបក្ស នគរប្រជាធិបតេយ្យ គណបក្ស រស្មីខេមរា គណបក្ស ខ្មែរសាធរណរដ្ឋ គណបក្ស ហ៊ុនស៊ិនប៉ិច គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្ស យុវជនកម្ពុជា គណបក្ស ធម្មាធិបតេយ្យ គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស ខ្មែរតែមួយ គណបក្ស កម្លាំប្រជាធិបតេយ្យ រួមនឹងគណបក្សនយោបាយចំនួន ១៤ គណបក្សទៀត ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កិច្ចប្រជុំជា​លើក​ដំបូង​រវាង​សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថ្ងៃនេះ មានការ​ថ្លែង​សុន្ទរកថាបើករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយលើកឡើង​នូវ​ចក្ខុវិស័​យ​នៃកា​ររួ​ម​ចំណែក​របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាយន្តការពហុគំនិតក្រៅរដ្ឋសភា ក្នុង​ការលើកស្ទួយប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងឱកាសនោះ ក៏បាន​បើក​ឱ្យ​មាន​ការ​ថ្លែង​មតិ​របស់​ប្រធានប្រតិភូគណបក្សនីមួយៗ ដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់​យោបល់ ហើយបន្ទាប់មក នឹងមានពិធីពិសាភោជនាអាហារសាមគ្គីរវាងសម្ដេចធិបតី និង​បណ្ដា​ប្រតិភូ​ទាំង​អស់ផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្ដល់យោបល់ សម្រាប់អាណត្តិថ្មីនេះមានចំនួន ១៤៥ រូបមកពី​គណបក្ស​នយោបាយ​ចំនួន ២៩ ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាផ្លូវការ ដោយក្នុង​នោះ​ប្រធាន​ប្រតិភូ​នៃ​គណបក្សនីមួយៗមានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈប្រតិភូ អមចំនួន៤រូបទៀត មាន​ឋានៈ​ពី​អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រី៕