ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា៖ មនុស្សយ៉ាងហោចណាស់ ៤៣នាក់ បានស្លាប់ដោយការវាយប្រហារបស់អ៊ីស្រាអែល។

ហ្កាហ្សា មន្ទីរពេទ្យនានា កំពុងដួលរលំដែលក្នុងនោះ មនុស្ស៤៣នាក់ បានស្លាប់តាំងពីព្រឹកថ្ងៃអង្គារបន្ទាប់ពីមានការវាយប្រហារបស់អ៊ីស្រាអែល ក្នុងក្រុងខានយូនីស បើតាមការលើកឡើងពីអ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា ។ លោក អាស្រាហ្វ អាល់ គូដ្រា (Ashraf al-Qudra) បានបន្ថែមថា មនុស្សជាច្រើននាក់ទៀត កំពុងស្ថិនៅក្រោមកម្ទេចថ្ម នៅឡើយឬកំពុងដេកនៅតាមផ្លូវ ។

លោកបានបន្តថា អ្នករបួសនិងអ្នកជំងឺគឺសម្រាកនៅលើឥដ្ឋ ។ ហើយសេវាសុខាភិបាលជួយសង្រ្គោះជីវិត ក្នុងមន្ទីរពេទ្យភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីបក៏មិនមានដែរ ។ ដូច្នេះ មន្ទីរពេទ្យនានា ក្នុងតំបន់ហ្កាហ្សាខាងត្បូង បានដួលរលំទាំងស្រុង ពោលគឺពួកគេមិនអាចដោះស្រាយជាមួយបរិមាណ និងគុណភាពអ្នករបួស ដែលមកដល់មន្ទីរពេទ្យបានទេ ។

លោក ក៏បានបន្ថែមថា លោកកំពុងនិយាយពីអ្នកស្លាប់៤៣នាក់ ដែលបានមកដល់មន្ទីរពេទ្យណាស៊ើរ (Nasser) ។ ពោលគឺអ្នកស្លាប់ទាំងនោះ គឺជាអ្នកដែលក្រុមការងារ និងរថយន្ដសង្រ្គោះបន្ទាន់អាចដឹកមកពីកន្លែងផ្សេងៗគ្នា។

ក្នុងតំបន់ហ្កាហ្សា មន្រ្ដីអង្គការសុខភាពពិភពលោកម្នាក់ បាននិយាយកាលពីថ្ងៃអង្គារនេះថា ស្ថានភាពកំពុងតែ ដុនដាបនៅម៉ោងនេះ ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាន់តែកើនឡើងនៅភាគខាងត្បូងក្រុងខាន យូនីសក្នុងតំបន់ហ៊ុមព័ទ្ធ ហើយនិងច្រកឆ្លងព្រំដែនកាត់រ៉ាហ្វា។