ថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ របស់លោកពូទីន មុនយុទ្ធនាការបោះឆ្នោតប្រធានាធិបតី កាន់តែកៀកថ្ងៃទី១៤ ខែធ្នូ។
វិមានក្រឹមឡាំង៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា កន្លងមកនេះ បានឲ្យដឹង ក្នុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក និងឆ្លើយសំណួររបស់សាធារណជន នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខជាមួយការរំពឹងទុកថា លោកនឹងយកព្រឹត្តិការណ៍នេះប្រកាសពីការស្វែងរកអំណាចរយៈពេល ៦ឆ្នាំទៀត ។
លោក ពូទីន ក្នុងតំណែងទាំងជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៩៩ មក មិនទាន់និយាយថា តើលោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែមីនាឆ្នាំក្រោយដែរ ឬអត់ ប៉ុន្តែត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា លោកនឹងបន្តឈរឈ្មោះ។ ហើយបើតាមប្រភពចំនួន៦ បានប្រាប់សារព័ត៌មាន Reuters កាលពីដើមខែនេះថា លោក ពូទីន បានសម្រេចចិត្តឈរឈ្មោះ ពោលគឺជាការសម្រេចដែលនឹងធ្វើឲ្យរូបលោកបន្តកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០។
មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានជឿថា រូបលោកត្រូវតែដឹកនាំរុស្ស៊ីឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុត ក្នុងទសវត្សរ៍នេះ ជាការនិយាយយោងទៅសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងជាអ្វីដែលលោកពូទីន ចាត់ទុកជាការតស៊ូប្រយុទ្ធអត្ថិភាពរបស់ទីក្រុងម៉ូស្គូជាមួយលោកខាងលិច ដើម្បីសណ្តាប់ធ្នាប់ពិភពលោកថ្មី យោងតាមប្រភពទាំងនោះបានលើកឡើង ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកសារព័ត៌មានថា៖ «នៅថ្ងៃទី១៤ ខែធ្នូ លោក វ៉្លាឌីមៀរ ពូទីន នឹងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ»៕