បើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ក្រោមព្រះរាជធិបតីភាព ដ៏ខ្ពស់ខ្ពស់ ព្រះករុណាព្រះបាទនរោត្តមសីហមុនី

ភ្នំពេញៈ នៅព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ រដ្ឋសភា​នីតិកាល​ទី៧ បានប្រារព្ធ​ពិធី​បើកសម័យ​ប្រជុំ​ដំបូង ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុងពិធី​ជាប្រវត្តិសាស្ត្រ​នេះ មានការចូលរួម​ពីឥស្សរជន​ជាន់ខ្ពស់ អង្គទូត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និងតំណាង​អង្គការ​ក្រៅរដ្ឋាភិបាលមួយ​ចំនួន​ផងដែរ។ជាមួយគ្នានោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏អញ្ជើញ​ចូលរួម​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា សម្រាប់​នីតិកាល​ទី៧​នេះ​ផងដែរ។

 

លោកហ៊ុន សែន បានលើកឡើងថា សម័យប្រជុំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដោយ​អនុវត្តតាម​រដ្ឋ​ធម្មនុញ្ញ និងច្បាប់​ប្រទេស ក្រោយ​ពេលដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្រ្ត អាណត្តិ​ទី៧ ប្រកបដោយ​ភាពជោគជ័យ ហើយ​ព្រះករុណា​ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះអង្គ​ទ្រង់បាន​ចេញព្រះរាជសារ​អញ្ជើញ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំងអស់ ឱ្យចូលរួម​ប្រជុំនៅថ្ងៃ​ដំបូងនេះ​ក្នុងនោះមាន​តំណាងរាស្ត្រ​ជាប់ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ១២០ រូប និងមក​ពីគណបក្ស​ហ៊្វុនស៊ិន​ប៉ិចចំនួន ៥ រូប។

លោកបញ្ជាក់​ថា៖«ព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រ​នេះ នឹងមានការផ្សាយផ្ទាល់​នៅលើ Channel Telegram Youtube និង Facebook របស់​សម្ដេច​តេជោ ហ៊ុន សែន»