ស្ត្រីស្បែកខ្មៅ ជាមេប៉ូលីសនៃកងកម្លាំងប្រយុទ្ធនៅតំបន់ Louisville រដ្ឋ Kentucky ជាលើកទីមួយ

AP៖ ស្រ្តីស្បែកខ្មៅម្នាក់ នាងត្រូវបានអភិបាលក្រុងតែងតាំងជា មេប៉ូលីសថ្មីនៅ Louisville រដ្ឋ Kentucky ដោយការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាពលរដ្ឋនៅរដ្ឋ Kentucky កាលពីពេលថ្មីៗនេះ ។ នេះជាលើកដំបូងហើយដែលស្ត្រីជនជាតិស្បែកខ្មៅ ទទួលតួនាទីជាអ្នកដឹកនាំនៅនាយកដ្ឋានកងកម្លាំងប្រយុទ្ធ។ ស្រ្តីដែលមានឥទ្ធិពលឡើងកាន់តំណែងមួយជាមេប៉ូលីសម្នាក់នេះមានឈ្មោះថា Jacquelyn Gwinn-Villaroel។

អ្នកដឹកជាស្រ្តីជនជាតិខ្មៅហាក់នៅមានកម្រិតតិចតួចនៅឡើយ បើទោះបីជាកន្លងមកមានការលើកទឹកចិត្តឱ្យមានវត្តមានស្រ្តីស្បែកខ្មៅមានឈ្មោះនៅក្នុងតួនាទីជាអ្នកដឹកនាំនៅតាមស្ថាប័នការងារក៏ដោយ នេះបើតាមភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP បានឱ្យដឹង។​

សារព័ត៌មាន Associated Press (AP) បង្ហាញថាស្រ្តីជនជាតិស្បែកខ្មៅម្នាក់ ឈ្មោះ Jacquelyn Gwinn-Villaroel នាងមានប្រជាប្រិយភាពជាខ្លាំងពីមនុស្សមួយចំនួន ដោយច្ចប្បន្ននាងជាស្រ្តីស្បែកខ្មៅដំបូងគេដែលកាន់តួនាទីជាមេប៉ូលីសនៃកងកម្លាំងប្រយុទ្ធនៅ Louisville រដ្ឋ Kentucky។

តើនរណាជា​ Jacquelyn Gwinn-Villaroel?

ជាជនជាតិអាហ្វ្រិក មានគោលបំណងក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យនរគបាល Jacquelyn Gwinn-Villaroel ចាប់ផ្តើមពង្រឹងសមត្ថភាពខ្លួនប្រឡូកក្នុងការងារទាំងឡាយណាដែលនាំនាងឱ្យមានបទពិសោធន៍ច្បាស់លាស់​ដើម្បីឈានចាប់យកក្តីស្រមៃរបស់ខ្លួន។

ជាក់ស្តែង នៅឆ្នាំ២០១០ Gwinn-Villaroel ទទួលបានឋានៈជាពលបាលស្របពេលដែលនាងបម្រើការនៅនាយកដ្ឋានប៉ូលីសអាត្លង់តា (APD)។

ចំណែកនៅឆ្នាំ ២០១៧ នាងត្រូវបានតម្លើងឋានៈជាអនុសេនីយ៍ឯក ហើយបានកាន់មុខតំណែងជាមេបញ្ជាការឃ្លាំមើល និងជាមេបញ្ជាការនៃអង្គភាពវិភាគឧបាយកលឧក្រិដ្ឋកម្ម។ បន្ទាប់ពីរយៈពេល ២ ឆ្នាំក្នុងនាមជាអនុសេនីយ៍ឯក នាងត្រូវបានដំឡើងឋានៈជាប្រធានក្រុម និងកាន់តួនាទីជាមេបញ្ជាកាផ្នែកឧក្រិដ្ឋកម្ម ដោយមើលការខុសត្រូវនៃអង្គភាពមនុស្សឃាត អង្គភាពប្លន់ អង្គភាពវាយប្រហារដោយកាំភ្លើង អង្គភាពជនរងគ្រោះពិសេស និងអង្គភាពទប់ស្កាត់ឧក្រិដ្ឋកម្ម Metro Atlanta ។

កាលពីឆ្នាំ ២០២០ នាងត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៏ និងត្រូវបានតែងតាំងជាបណ្ឌិត្យសភាបណ្តុះបណ្តាលនគរបាល។ ក្នុងអំឡុងពេលដែលនាងធ្វើជាអ្នកបង្រៀននៃសាលាបណ្តុះបណ្តាល នាងបានធានាផងដែរនូវការអភិវឌ្ឍន៍កម្មវិធីសិក្សាសម្រាប់ការបណ្តុះបណ្តាលកាតព្វកិច្ចដើម្បីអន្តរាគមន៍ ដោយសង្កត់ធ្ងន់លើការកាត់បន្ថយការកើនឡើងនៃចំនួនមន្រ្តីប៉ូលីសអសកម្ម។

លុះដល់ឆ្នាំ២០២១ Gwinn-Villaroel ក្លាយជាមន្រ្តីប៉ូលីសដែលមានសក្តានុពល និងសុក្រឹត្យ។ ព្រោះថានាងបម្រើការជាមន្ត្រីស៊ើបអង្កេត នៅក្នុងអង្គភាពមួយចំនួនរួមមាន អនុប្រធាន គ្រឿងញៀន ក្រុមក្មេងទំនើង និងកាំភ្លើង និងអំពើហឹង្សាក្នុងគ្រួសារ។ នៅពេលឡើងឋានន្តរស័ក្តិជាពលបាល នាងមានឱកាសធ្វើការនៅល្បាត សាលាបណ្តុះបណ្តាលនគរបាល និងផ្នែកបុគ្គលិកធនធានមនុស្ស។

តាមរយៈសមត្ថភាពនៅឆ្នាំ២០២៣នេះ ស្រ្តីជនជាតិស្បែកខ្មៅរូបនេះបានបំបែកឯកត្តកម្មដោយក្លាយជាស្រ្តីជនជាតិស្បែកខ្មៅដំបូងគេដែលមានតួនាទីជាមេប៉ូលីសនៃកងកម្លាំងប្រយុទ្ធ Louisville រដ្ឋ Kentucky។ លើសពីនេះអផីបាលក្រុងថែមទាំងលើកសរសើរថានាងជាស្រ្តីគំរូម្នាក់ដែលតាំងនាមបញ្ជាក់ថាស្រ្តីជនជាតិស្បែកខ្មៅពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងមិនគួរត្រូវបានរើសអើងឡើយ៕