ការចាប់ផ្តើមបទឈប់បាញ់ រយៈពេលបួនថ្ងៃនឹងនៅថ្ងៃសុក្រនេះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

បរទេស៖ អ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល ៤ ថ្ងៃនៅព្រឹកថ្ងៃសុក្រនេះ ដោយក្រុមដំបូងនៃចំណាប់ថ្នូរស្ត្រី និងកុមារចំនួន ១៣ នាក់ របស់អ៊ីស្រាអែល នឹងត្រូវបានដោះលែងនៅល្ងាចថ្ងៃដដែលនេះ បើតាមការលើកឡើងពីក្រុមអ្នកសម្រុះសម្រួលក្នុងប្រទេសកាតា ។

បណ្ដាមហាអំណាចពិភពលោកបានស្វាគមន៍យ៉ាងប្រុងប្រយ័ត្នចំពោះដំណឹងនេះ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្ត ដោយក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា មន្ទីរពេទ្យមួយក្នុងទីក្រុងហ្កាហ្សា ស្ថិតក្នុងចំណោមគោលដៅដែលត្រូវបានទម្លាក់គ្រាប់បែក ខណៈនៅសល់ប៉ុន្មានម៉ោងទៀតដល់ការចាប់ផ្តើមនៃការផ្អាកលើកដំបូងនៅក្នុងសង្គ្រាមដ៏ឃោរឃៅជិតប្រាំពីរសប្តាហ៍នេះ។ ភាគីទាំងពីរក៏បានផ្តល់សញ្ញាថាការផ្អាកនេះនឹងមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះមុនពេលការប្រយុទ្ធបន្តទៀត។

បទឈប់បាញ់នឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹក ម៉ោងក្នុងស្រុក ហើយពាក់ព័ន្ធនឹងបទឈប់បាញ់ដ៏ទូលំទូលាយមួយនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា យោងតាមក្រសួងការបរទេសរបស់ប្រទេសកាតាបាននិយាយ។

លោក ម៉ាជេត អាល់អានសារី (Majed Al-Ansari) អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា ថា ជំនួយបន្ថែមនឹងចាប់ផ្តើមហូរចូលទៅក្នុងតំបន់ហ្កាហ្សា ហើយក្រុមចំណាប់ថ្នូរដំបូងរួមទាំងស្ត្រីវ័យចំណាស់ នឹងត្រូវបានដោះលែងនៅម៉ោង ៤ រសៀល (ម៉ោងក្នុងស្រុក) ព្រមទាំងចំនួនសរុបនៃចំណាប់ថ្នូរទាំង៥០នាក់ នឹងត្រូវដោះលែងក្នុងរយៈពេល ៤ ថ្ងៃនេះ។

ក្រុមហាម៉ាស ដែលត្រូវបានគេរំពឹងថានឹងប្រកាសបទឈប់បាញ់ជាមួយអ៊ីស្រាអែល រយៈពេលមួយថ្ងៃមុនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតែបន្តការចរចា បានបញ្ជាក់នៅលើបណ្ដាញតេឡេក្រាមរបស់ខ្លួនថា អរិភាពទាំងអស់ពីកងកម្លាំងរបស់ខ្លួននឹងត្រូវឈប់ ខណៈយោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួននឹងឈរជើងនៅខាងក្រោយតំបន់ខ្សែបន្ទាត់បទឈប់បាញ់មួយនៅខាងក្នុងហ្កាហ្សា ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងរបស់ខ្លួននោះទេ៕