សូមជ្រាប គឺមានតែសម្ដេចព្រះសង្ឃ បីព្រះអង្គប៉ុណ្ណោះ ដែលយើងទាំងឡាយអាចប្រើរាជស័ព្ទទៅកាន់ព្រះអង្គ បាន!

សូមជម្រាបជនានុជនទាំងឡាយឲ្យបានដឹងជ្រាបផង
និងដើម្បីការប្រើពាក្យពេចន៍ភាសាជាតិឲ្យបានត្រឹមត្រូវទៅតាមក្បួនច្បាប់ផង នោះគឺការប្រើប្រាស់ពាក្យពេចន៍
ជា”រាជស័ព្ទ” ក្នុងការប្រាស្រ័យទាក់ទងទៅកាន់សម្ដេច
ព្រះសង្ឃ តើសម្ដេចព្រះសង្ឃណាខ្លះដែលទទួលបាន
រាជបុព្វសិទ្ធិប្រើជារាជសព្ទ(ពាក្យស្ដេច) បច្ចុប្បន្ន??

បច្ចុប្បន្នឃើញមានការប្រើប្រាស់ពាក្យពេចន៍ច្របូក
ច្របល់ច្រើនពីសំណាក់គ្រហស្ថបរិស័ទ្ធទៅកាន់សម្ដេច
សង្ឃ ដោយខ្លះមិនដឹងថាសម្ដេចសង្ឃអង្គណាអាចប្រើរាជស័ព្ទ ហើយសម្ដេចសង្ឃអង្គនៅប្រើសង្ឃសព្ទធម្មតា
ឬខ្លះបានដឹងដែរ តែនៅប្រើបំពានទាំងខុសក្រឹត្យក្រម!

នេះសូមលើកបង្ហាញ ដើម្បីជាប្រទីបទុកជាការបំភ្លឺ កុំ
ឲ្យខុសឆ្គងតទៅទៀត ហើយសូមកែតម្រូវវិញផងអ្នក
ដែលដឹងហើយ នៅប្រើខុសពាក្យពេចន៍ភាសាជាតិ
បច្ចុប្បន្ន មានតែសម្ដេចព្រះសង្ឃ បីព្រះអង្គប៉ុណ្ណោះ
ដែលយើងទាំងឡាយអាចប្រើរាជស័ព្ទទៅកាន់ព្រះអង្គ
បាននោះគឺ សម្ដេចព្រះមហាសង្ឃរាជ ទាំងពីរគណ:
និងសម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ។

ដោយមានសមណសក្តិ និងព្រះគោរមងារពេញយស
ដូចខាងក្រោម÷

១.សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត
ទេព វង្ស ឧបេក្ខាសម្ឈោជិកោ សម្ដេចព្រះមហាសង្ឃរាជ
គណៈមហានិកាយ វត្តឧណ្ណាលោម។

២.សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី
កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ
គណៈធម្មយុត្តនិកាយ វត្តបទុមវត្តីរាជវរារាមធម្មយុត្ត។

៣.សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត
នន្ទ ង៉ែត បស្សសម្ឈោជិកោ សម្ដេចព្រះសង្ឃនាយក
គណៈមហានិកាយ។(ដូចមានភ្ជាប់ព្រះរាជក្រឹត្យតាំង)

ខាងក្រោមបន្ទាប់ជាផ្លិតយស សម្រាប់ព្រះមន្ត្រីសង្ឃ
តាមលំដាប់ឋានានុក្រម ៖

-ទី១ និង២ ផ្លិតយស ពណ៌លឿងមានរាជសង្ហារ
សម្រាប់ទី សម្តេចព្រះមហាសង្ឃរាជ
-ទី៣ ផ្លិតយស ពណ៌លឿងមានរាជសង្ហារ
សម្រាប់ទី សម្តេចព្រះសង្ឃនាយក
-ទី៤ ផ្លិតយស ពណ៌លឿង សម្រាប់ទី សម្តេចព្រះសង្ឃនាយករង, សម្តេចថ្នាក់កិត្តិយស
-ទី៥ផ្លិតយសពណ៌ក្រហម សម្រាប់ទីរាជាគណៈថ្នាក់ឯក
-ទី៦ផ្លិតយសពណ៌បៃតង សម្រាប់ទីរាជាគណៈថ្នាក់ទោ
-ទី៧ ផ្លិតយសពណ៌ស្វាយ សម្រាប់ទីរាជាគណៈថ្នាក់ត្រី
-ទី៨ ផ្លិតយសពណ៌ខៀវ សម្រាប់ទីរាជាគណៈថ្នាក់ចត្វា
និង ព្រះរាជាគណៈថ្នាក់កិត្តិយស។