រដ្ឋមន្ត្រីអារ៉ាប់ និងមូស្លីម ពីទីក្រុងប៉េកាំង ជំរុញឲ្យបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា

បរទេស ៖ ការអំពាវនាវ នៅថ្ងៃចន្ទនេះឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា រដ្ឋមន្ត្រីអារ៉ាប់ និងមូស្លីម ស្របពេលដែលគណៈប្រតិភូរបស់ពួកគេ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ជើងទីមួយ ដើម្បីជំរុញឲ្យមានការបញ្ចប់អរិភាព និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ចូលទៅក្នុងដែនដីនេះ ។

គណៈប្រតិភូ ដែលគ្រោងនឹងជួបជាមួយក្រុមមន្ត្រីតំណាង ឲ្យសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏កំពុងដាក់សម្ពាធលើលោកខាងលិចផងដែរ ដើម្បីបដិសេធយុត្តិកម្មរបស់អ៊ីស្រាអែល ចំពោះសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីន ជាការការពារខ្លួន ។

មន្ត្រីដែលជួបប្រជុំជាមួយលោក វ៉ាង យី អ្នកការទូតកំពូលរបស់ចិន នៅថ្ងៃចន្ទនេះ គឺមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី អេហ្ស៊ីប ឥណ្ឌូនេស៊ី ប៉ាឡេស្ទីន និងអង្គការសហប្រតិបត្តិការឥស្លាម ។

កិច្ចប្រជុំកំពូលវិសាមញ្ញឥស្លាម-អារ៉ាប់រួម នៅទីក្រុងរីយ៉ាដក្នុងខែនេះ ក៏បានជំរុញឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិស៊ើបអង្កេត «ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ៊ីស្រាអែល កំពុងប្រព្រឹត្ត» នៅក្នុងទឹកដីប៉ាឡេស្ទីន ។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានព្យាយាមដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឲ្យបញ្ចប់អរិភាព នៅក្នុងតំបន់ហ្កាហ្សា ហើយព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាអ្នកគ្រប់គ្រងពិតប្រាកដ របស់ព្រះរាជាណាចក្រ បានប្រមូលផ្តុំមេដឹកនាំអារ៉ាប់ និងមូស្លីម ឲ្យបង្កើនការគាំទ្រសារនោះ ។