បណ្ឌិត គី សេរីវឌ្ឍន៍៖ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ការបណ្តុះបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈជាយុទ្ធសាស្រ្ត

ភ្នំពេញ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថាការដាក់ចេញ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាយុទ្ធសាស្រ្តមួយ របស់រាជរដ្ឋាភិបាលអាណាត្តិទី៧ ក្នុងការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០ ។

ការលើកឡើងបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តនូវការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ថ្មីៗនេះ ។ លោកលើកឡើងថា៖ «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្រ្តរយៈពេលខ្លី ក្នុងការបង្កើនកម្លាំង ជំនាញនៅក្នុងស្រុកនាពេលអនាគត ។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា បានជាចាប់ផ្តើមកំណត់ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះឡើង » ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់ថា នៅពេលដែលកម្ពុជា មានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ នោះកម្លាំងពលកម្មនៅកម្ពុជាអាចឆ្លើយតបទៅនិងតម្រូវការ ការវិនិយោគធំៗពីក្រៅប្រទេសចូលមកកម្ពុជា ។ ហើយពលរដ្ឋកម្ពុជាអាចមានជំនាញមួយច្បាស់លាស់ មានការងារល្អ ប្រាក់ចំណូលសមរម្យ នោះកម្ពុជានឹងរួចផុតបន្ទាត់នៃភាពក្រីក្រ នាពេលអនាគត៕