សមុទ្រ មេឌីទែរ៉ាណេ យន្តហោះយោធា អាមេរិក បានធ្លាក់
បរទេស៖ ចំពេលមានសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បញ្ជាការដ្ឋាន នៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ថា យន្តហោះយោធាអាមេរិក ដែលមិនបានបញ្ជាក់ច្បាស់លាស់មួយ បានធ្លាក់នៅភាគខាងកើត មេឌីទែរ៉ាណេ ។ នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយ ក្រុមនាវាផ្ទុកយន្តហោះចំនួនពីរ ទៅកាន់តំបន់ជាវិធានការ ទប់ស្កាត់ ការរីករាលដាល។
បញ្ជាការ EUCOM បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះកំពុងធ្វើការហោះហើរហ្វឹកហាត់ កាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលវា “ជួបឧប្បត្តិហេតុមួយ ហើយបានធ្លាក់ចុះ” ។ មន្ទីរបញ្ចកោណមិន បានផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទយន្តហោះ ថាតើមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះ ឬថាតើឧបទ្ទវហេតុបានកើត ឡើងនៅលើដី ឬសមុទ្រនោះទេ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។
EUCOM បានបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ យើងអាចនិយាយ បានយ៉ាងច្បាស់លាស់ថា ការចេញប្រតិបត្តិការ របស់យន្តហោះគឺទាក់ទងសុទ្ធសាធ ទៅនឹងការហ្វឹកហ្វឺន ហើយមិនមានការចង្អុលបង្ហាញ អំពីសកម្មភាពអរិភាពទេ” ។ “ដោយការគោរព ចំពោះក្រុមគ្រួសារ ដែលរងផលប៉ះពាល់ យើងនឹងមិនបញ្ចេញព័ត៌មាន បន្ថែមអំពីបុគ្គលិក ដែលពាក់ព័ន្ធនៅពេលនេះទេ” ។
ក្រៅពីមូលដ្ឋានទ័ពអាកាសជាច្រើន ក្នុងតំបន់ យោធាអាមេរិក ក៏មាននាវា USS Gerald R. Ford Carrier Strike Group ដែលកំពុងប្រតិបត្តិការ នៅភាគខាងកើតមេឌីទែរ៉ាណេ ។ ក្រុមវាយប្រហារទីពីរ ដែលដឹកនាំដោយនាវា ផ្ទុកយន្តហោះ USS Dwight D. Eisenhower ក៏ស្ថិតនៅក្នុងតំបន់ថ្មីៗនេះដែរ ប៉ុន្តែចាប់តាំង ពីពេលនោះមកបានឆ្លងកាត់ព្រែកជីក ស៊ុយអេ ទៅកាន់មជ្ឈឹមបូព៌ា ដើម្បី “ទប់ស្កាត់សកម្មភាពអរិភាពប្រឆាំង នឹងអ៊ីស្រាអែល ឬកិច្ចខិតខំប្រឹងប្រែងណាមួយឆ្ពោះ ទៅរកការពង្រីកសង្រ្គាមនេះ បន្ទាប់ពីក្រុមហាម៉ាស់ វាយប្រហារលើអ៊ីស្រាអែល” ៕