ទីតាំង ៤ ជ្រកក្រោមស្លាកម៉ាស្សាកោសជប់ បានបង្ក្រាបករណីសញ្ចារកម្ម ឃើញមាននារីរងគ្រោះ១៤នាក់ និងបុរសរងគ្រោះម្នាក់
ភ្នំពេញ៖ ហាងម៉ាស្សាកោសជប់ យ៉ាងហោចណាស់ចំនួន៤ទីតាំង ស្ថិតក្នុងភូមិសាស្រ្តតែមួយគឺភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីលួចលាក់ប្រព្រឹត្តិអំពើសញ្ចារកម្ម ជ្រកក្រោមស្លាកហាងម៉ាស្សាកោសជប់ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៣នេះ ។
ប្រតិបត្តិការចុះបង្រ្កាបនេះ សមត្ថកិច្ចចម្រុះឆែកឆេររកឃើញជនរងគ្រោះសរុប១៥នាក់ ក្នុងនោះមាននារី១៤នាក់ និងបុរសម្នាក់ផងដែរ ។ ចំណែកជនសង្ស័យវិញឃាត់ខ្លួនបានចំនួន៣នាក់ភេទស្រី ។
បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ត្រូវប្រគល់ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការបន្ត។
តាមការឱ្យដឹងបន្ថែមពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ ឱ្យដឹងថា ការស៊ើបអង្កេតស្រាវជ្រាវឈានដល់បង្ក្រាបករណីសញ្ចារកម្មចំនួន៤ទីតាំង ក្នុងខណ្ឌច្បារអំពៅខាងលើ គឺជាការអនុវត្តទិសដៅទី៤ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា តែងតែផ្ញើសារតាមអង្គពិធីនានា ជារឿយៗ ដល់មន្ត្រីនគរបាលជាតិគ្រប់ឋានានុក្រមឲ្យបង្កើនការយកចិត្តទុកដាក់ ក្នុងបង្ក្រាបបទល្មើសជួញដូរផ្លូវភេទ ជាពិសេសការជួញដូរមនុស្សគ្រប់ទម្រង់ ។ លើសពីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិតក៏ជំរុញលើកទឹកចិត្ត ដល់អង្គភាពនគរបាលក្នុងសមត្ថកិច្ចនេះពង្រីកការផ្សព្វផ្សាយអប់រំណែនាំដល់យុវជន ពិសេសយុវនារី ស្ត្រីជាមុខសញ្ញា អាណាព្យាបាល និងមហាជនទូទៅ ឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ ឧបាយកលរបស់ជនល្មើស វិធីបង្ការទប់ស្កាត់ និង វិធីដោះ ខ្លួន ចេញពីជនល្មើសជាដើម ។
សូមជម្រាបថា យោងតាមមាត្រា ២៨៤ ២៨៨ ២៨៩ ២៩០ នៃក្រមព្រហ្មទណ្ឌ ២០០៩ បានបញ្ញតិ្តថា៖ អំពើសញ្ចារកម្ម គឺជាអំពើទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ និងធ្វើការគាបសង្កត់លើបុគ្គល ណាមួយដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២(ពីរ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤,០០០,០០០ (បួនលាន) រៀល ទៅ១០,០០០,០០០ (ដប់លាន) រៀល។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះគឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំណែកសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏តែងតែផ្តោតការយកចិត្តទុកដាក់និងក្រើនរំលឹកជាប្រចាំផងដែរ ។ សម្រាប់លទ្ធផលនៃការសួរចម្លើយ និងការសម្រេច ចោទប្រកាន់របស់ព្រះរាជអាជ្ញាបន្ត ។
គូសរំលឹកទិសដៅទាំង៦ ដែលដាក់ចេញដោយ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន «១–បញ្ហា គ្រឿងញៀន ២–បញ្ហាចរាចរណ៍ ៣-ករណីចោរកម្ម និង បទល្មើសព្រហ្មទណ្ឌផ្សេងៗ ៤-ការជួញដូរមនុស្សគ្រប់ ប្រភេទ ៥–ការគ្រប់គ្រងក្រុមក្មេងទំនើង និង៦-បញ្ហាតាម ព្រំដែនទាំងគោក និងទឹកជាប់ជាមួយប្រទេសជិតខាង ៕