ក្រុមហាម៉ាស់៖ ខ្លួនបានវាយប្រហារ លើគោលដៅយោធា អ៊ីស្រាអែល ជាង ១៦០កន្លែងនៅតំបន់ហ្គាហ្សា
ហ្កាហ្សា៖ ជាក្រុមប្រដាប់អាវុធរបស់ក្រុមជីវពលហាម៉ាស់ កងពលតូច Izz el-Deen al-Qassam បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានបំផ្លិចបំផ្លាញទាំងស្រុង ឬដោយអន្លើរ គោលដៅយោធាអ៊ីស្រាអែលជាង ១៦០កន្លែង នៅតំបន់ហ្គាហ្សា រួមទាំងរថយន្តជាង ២៥គ្រឿង នៅក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ ។
អ្នកនាំពាក្យរបស់កងពលតូច Izz el-Deen al-Qassam លោក Abu Ubaida គឺជាអ្នកនិយាយថា ការប្រឈមដាក់គ្នាគឺមិនស្មើគ្នានោះទេ ប៉ុន្តែវាបានធ្វើឲ្យភ័យខ្លាចដល់កងកម្លាំងខ្លាំងបំផុតនៅក្នុងតំបន់ ។
លោកបន្ថែមថា បច្ចុប្បន្នពួកយើងបានបំផ្លិចបំផ្លាញរថយន្តកងទ័ពហ្សាអឺនជាង ១៦០គ្រឿង ចាប់តាំងពីការវាយលុកជើងគោករបស់កងទ័ពអ៊ីស្រាអែល ។
ខណៈពេលនោះដែរ លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន អាចដើរតួនាទីក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងលក្ខខណ្ឌថា មានដំណោះស្រាយនយោបាយពេញលេញ ដែលគ្របដណ្តប់តំបន់វ៉េសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែលផងដែរ ៕